(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានចេញសារព្រមានមួយថា ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ក្នុងករណីបន្ទាន់ ទាមទារឱ្យមានការចិត្តទុកដាក់ យ៉ាងហ្មត់ចត់ជាទីបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក ទើបតែបានប្រកាសចង់ផ្តល់ការអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន ខណៈដែលការធ្វើតេស្តមិនទាន់បញ្ចប់ស្រួលបួលនៅឡើយនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។
ប្រធានក្រុមវិទ្យាសាស្ត្ររបស់ អង្គការសុខភាពពិភពលោក លោកស្រី សួមីយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា បើទោះបីជាប្រទេសនីមួយៗ សុទ្ធតែមានសិទ្ធិចេញការអនុញ្ញាតឲ្យ ប្រើប្រាស់វ៉ាក់សាំងក្នុងករណីចាំបាច់បន្ទាន់ ដោយមិនចាំបាច់ត្រូវបញ្ចប់ ការធ្វើតេស្តពេញលេញក៏ដោយ តែវាមិនមែនជាអ្វី ដែលយើងត្រូវធ្វើឲ្យតែបានៗនោះទេ។
គួរបញ្ជាក់ថា ថ្មីៗនេះប្រធានទីភ្នាក់ងារសុវត្ថិភាពឱសថ និងចំណីអាហារអាមេរិក (FDA) ទើបតែនិយាយថា រូបលោកសុខចិត្តពិចារណាលើ ការអនុញ្ញាតឲ្យប្រើវ៉ាក់សាំង COVID-19 នៅក្នុងករណីបន្ទាន់ ទោះការធ្វើតេស្តមិនទាន់ត្រូវបានបញ្ចប់ជាស្ថាពរទាំងស្រុងក៏ដោយ ដរាបណា រដ្ឋាភិបាលអាមេរិកជឿជាក់ច្បាស់ថា តម្រូវការចាក់វ៉ាក់សាំង COVID-19 ជាបន្ទាន់នេះ មានអត្ថប្រយោជន៍ខ្ពស់ជាងហានិភ័យ។
ទាក់ទងនឹងវ៉ាក់សាំង COVID-19 ដែលពិភពលោកកំពុងត្រូវការជាទីបំផុតនេះ គឺមានតែប្រទេសរុស្ស៉ីប៉ុណ្ណោះ ដែលបានចុះបញ្ជីទទួលស្គាល់វ៉ាក់សាំង COVID-19 របស់ខ្លួនជាផ្លូវការ បន្ទាប់ពីការធ្វើតេស្តលើមនុស្ស ប្រព្រឹត្តទៅបានតែប៉ុន្មានខែប៉ុណ្ណោះ។ ប្រការនេះបាននាំឲ្យក្រុមអ្នកជំនាញកំពូលៗ នៃបណ្តាប្រទេសលោកខាងលិច និងក្រុមមន្រ្តីជំនាញ WHO ចេញមុខព្រមាន និងណែនាំឲ្យរុស្ស៉ីពិនិត្យអំពីប្រសិទ្ធភាព និងសុវត្ថិភាពវ៉ាក់សាំងខ្លួនឲ្យល្អិតល្អន់សិន មុននឹងចាក់ទៅលើមនុស្ស៕