(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីទើបតែបានកត់ត្រា អ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,៧២៩នាក់ទៀត នៅក្នុងរយៈពេល ២៤ម៉ោង ដែលនាំឲ្យចំនួនករណីឆ្លងសរុប កើនឡើងរហូតដល់ខ្ទង់លាននាក់ហើយ និងជាប្រទេសជាប់លេខ ៤ ផងដែរ បន្ទាប់ពីសហរដ្ឋអាមេរិក, ប្រេស៊ីល និងឥណ្ឌា ដែលមានករណីឆ្លង COVID-19 ច្រើនជាងគេបំផុត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។
ក្រោយការបូកតួលេខថ្មីខាងលើនេះ ចំនួនករណីឆ្លង COVID-19 នៅរុស្ស៊ី បានកើនឡើងរហូតដល់ ១,០០០,០៤៨ករណី ក្នុងនោះស្លាប់សរុប ១៧,២៩៩នាក់ និងជាសះស្បើយឡើងវិញសរុប ៨១៥,៧០៥នាក់ ខណៈអ្នកជំងឺសរុបជាង ២៦៣,០០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅឡើយ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីដែលមានប្រជាជនសរុបជិត ១៤៦លាននាក់ បានធ្វើតេស្តរកវីរុសកូរ៉ូណាលើមនុស្សជិត ៣៧លាននាក់ហើយ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ។ រុស្ស៊ីក៏ជាប្រទេសដំបូងគេលើលោក ដែលបានទទួលស្គាល់វ៉ាក់សាំងប្រឆាំង COVID-19 ជាផ្លូវការ ផងដែរ និងត្រៀមចាក់ទៅលើបុគ្គលិកសុខាភិបាលរបស់ខ្លួនរាប់ម៉ឺននាក់ នៅក្នុងខែកញ្ញានេះតែម្តង ដើម្បីជាការសាកល្បងប្រសិទ្ធភាពទ្រង់ទ្រាយធំ៕