(វ៉ាស៊ីនតោន)៖ ការព្រួយបារម្ភមានកាន់តែច្រើនឡើង នៅក្នុងចំណោមក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ និងក្រុមអ្នកជំនាញមួយចំនួនពីលទ្ធភាព ដែលចិនអាច នឹងផលិតបានវ៉ាក់សាំង COVID-19 បានមុនសហរដ្ឋអាមេរិក។ ក្រៅពីរុស្ស៊ី ដែលទើបតែប្រកាសពីជោគជ័យក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដោយមិនទាន់ឆ្លងកាត់ ការធ្វើតេស្ដលើមនុស្សក្នុងតំណាក់កាលទី៣ បច្ចុប្បន្នមានវ៉ាក់សាំងចំនួន៨ ក្នុងនោះមាន៤ ជាវ៉ាក់សាំងរបស់ចិន, ៣គាំទ្ររដ្ឋបាលលោក ដូណាល់ ត្រាំ និងមួយទៀតជា វ៉ាក់សាំងរបស់អូស្រ្ដាលី ដែលកំពុងស្ថិតនៅក្នុងការធ្វើតេស្ដលើមនុស្សតំណាក់កាលទី៣។
ក៏ប៉ុន្តែ គួរឱ្យកត់សម្គាល់ក្នុងចំណោមវ៉ាក់សាំងទាំងនេះ គេសង្កេតឃើញថាវ៉ាក់សាំងរបស់ចិន ហាក់ដូចជាកំពុងមានភាពជឿនលឿនជាងគេ ហើយសូម្បីតែអ្នកជំនាញ ដូចជាលោក ដាវីដ ហ្វីតល័រ (David Fidler) ជាអ្នកជំនាញខាងសនិ្តសុខជាតិ និងសុខាភិបាលសកល ក៏ជឿជាក់ដែរថា វាអាចទៅរួចថាចិនអាចនឹងទទួលបានជោគជ័យ មុនគេ នៅក្នុងការធ្វើតេស្ដវ៉ាក់សាំងលើមនុស្សក្នុងតំណាក់កាលទី៣ ហើយបើសិនជាកម្មវិធី Warp Speed របស់លោក ដូណាល់ ត្រាំ បរាជ័យ នោះសហរដ្ឋអាមេរិក អាចនឹងត្រូវចំណាយពេលពី៦ ទៅ៨ខែទៀត ដើម្បីផលិតវ៉ាក់សាំង។ ចុះបើវាដូច្នេះមែន តើនឹងមានរឿងកើតឡើង?
*ចិន នឹងប្រើវ៉ាក់សាំង បង្កើនឥទ្ធិពលរបស់ខ្លួននៅលើពិភពលោក
ផ្ទុយពីរុស្ស៊ី វ៉ាក់សាំង COVID-19 របស់ចិនត្រូវបានក្រុមអ្នកជំនាញមើលឃើញថា អាចនឹងទទួលបានការយល់ព្រមយ៉ាងងាយស្រួល ពីអង្គការសុខភាពពិភពលោក WHO ដែលកំពុងមានជម្លោះស្រាប់ជាមួយសហរដ្ឋអាមេរិក។ ជាក់ស្ដែង ក្រោយចិន ប្រកាសថាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងទាំង៤ របស់ខ្លួនបញ្ចប់ការធ្វើតេស្ដ តំណាក់កាលទី៣ដោយជោគជ័យ អង្គការ WHO បានចេញមុខសាទរភ្លាមៗ ទោះជាកំពុងទទួលរងការរិះគន់ពីសហរដ្ឋអាមេរិកក៏ដោយ។
វ៉ាក់សាំង គឺជាអាវុធមួយដ៏សំខាន់ដើម្បីបិទបញ្ចប់ការឆ្លងរាតត្បាត COVID-19។ ប៉ុន្តែ ទន្ទឹមគ្នា អ្នកដែលផលិតបានវ៉ាក់សាំងមុនគេ ក៏ត្រូវបានគេមើលឃើញដែរថា ជាអ្នកជោគជ័យ និងទទួលបានផលចំណេញយ៉ាងធំធេងខាងភូមិសាស្ត្រនយោបាយ។ បើតាមលោក ស្កុត ហ្គតត្លីប (Scott Gottlieb) ជាអតីតស្នងការនៃរដ្ឋបាល ចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក ប្រទេសផលិតបានវ៉ាក់សាំង COVID-19 អាចនឹងមានលទ្ធភាពស្ដារសេដ្ឋកិច្ច និងឥទ្ធិពលរបស់ខ្លួននៅលើពិភពលោក បានមុនគេ។ បើរឿងបែបនេះពិតជាកើតឡើងមែន នោះកិតស្យានុភាពនៃភាពជាមហាអំណាចពិភពលោករបស់អាមេរិកនឹងចុះខ្សោយ, រដ្ឋបាលលោក ត្រាំ អាចនឹង ដល់ទីបញ្ចប់ រីឯប្រទេសដទៃអាចនឹងចាប់ផ្ដើមគិតពីសម្ព័ន្ធភាពរបស់ពួកគេឡើងវិញ។
ការលើកឡើងបែបនេះ របស់លោក ស្កុត ហ្គតត្លីប ក៏មិនខុសគ្នាប៉ុន្មានដែរពីលោក ឡារី ហ្គស្ទីន (Larry Gostin)។ លោក ឡារី ហ្គស្ទីន ជាសាស្រ្តាចារ្យផ្នែកច្បាប់ សុខាភិបាលសកល មកពីសាកលវិទ្យាល័យចចថោន (Georgetown University) មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក យល់ថាជាដំបូងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានផ្ដល់វ៉ាក់សាំងឱ្យប្រជាជនចិនមុនគេ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាធ្វើឱ្យស្ថានភាពត្រឡប់ទៅរកភាពប្រក្រតី ដោយទុកឱ្យពិភពលោក ជាពិសេសគឺបណ្ដា ប្រទេសលោកខាងលិច ជឿនលឿននានា បន្តប្រយុទ្ធប្រឆាំងនឹង COVID-19 សិន។
នៅក្នុងន័យនេះ ចិនទំនងជានឹងមិនលក់វ៉ាក់សាំង COVID-19 ឱ្យប្រទេសអ្នកមាន ដូចជាសហរដ្ឋអាមេរិក ឬនៅអឺរ៉ុបងាយៗនោះទេ ដោយអង្គុយចាំមើលសេដ្ឋកិច្ចរបស់ ប្រទេសទាំងនេះចុះទន់ខ្សោយ ចាំចេញមុខជួយតាមក្រោយ ក៏មិនមែនជារឿងខាតបង់អ្វីនោះដែរ។ ពោលគឺ ចិនអាចនឹងប្រើប្រាស់វ៉ាក់សាំង ដើម្បីឥទ្ធិពលនយោបាយ ឬជាផ្នែកមួយនៃកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ព្រមទាំងបង្ខំឱ្យអឺរ៉ុបបញ្ឈប់សកម្មភាពប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាចិន។ មិនតែប៉ុណ្ណោះ ទីក្រុងប៉េកាំង ក៏អាចនឹងប្រើវ៉ាក់សាំងនេះជាមធ្យោបាយការទូត ដើម្បីបង្កើនសម្ព័ន្ធមិត្ត និងបញ្ចុះបញ្ចូលឱ្យប្រទេសជាច្រើនទៀត នៅជុំវិញពិភពលោក បើកទ្វារទទួលស្វាគមន៍ចិន ឬក៏ចូលរួមក្នុង «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន» ផងដែរ។
*លោក ដូណាល់ ត្រាំ ផ្ញើអ្វីៗគ្រប់យ៉ាងលើវ៉ាក់សាំង COVID-19?
លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីប៉ុន្មានខែមុនថាសហរដ្ឋអាមេរិក បាននិងកំពុងធ្វើការជាមួយអង់គ្លេស និងអូស្រ្តាលី លើគម្រោងអភិវឌ្ឍវ៉ាក់សាំង COVID-19 ហើយមិនបានផ្ដោតជាសំខាន់ថាតើនរណានឹងផលិតបានវ៉ាក់សាំងមុននោះទេ។ លោក ត្រាំ បានគូសបញ្ជាក់ក្នុង បទសម្ភាសន៍នោះដូច្នេះថា៖ «ខ្ញុំពិតជាមិនខ្វល់ទេ។ បើសិនជាប្រទេសដទៃក្រៅពីពួកយើង ផលិតបានវ៉ាក់សាំង នោះខ្ញុំនឹងកោតសរសើរពួកគេ។ តែរឿងដែលសំខាន់គឺ យើងត្រូវតែផលិតវ៉ាក់សាំងឱ្យបាន»។
ក៏ប៉ុន្តែ ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ បានផ្លាស់ប្ដូរទាំងស្រុង កំឡុងថ្លែងសារទៅកាន់អ្នកគាំទ្រក្នុងសមាជនៃគណបក្សសាធារណរដ្ឋ កាលពីថ្ងៃទី២៧ ខែសីហា កន្លងទៅនេះ ជាពេលដែលលោកផ្ទាល់ បានសន្យាថានឹងរកវ៉ាក់សាំង COVID-19 ឱ្យបានមុនដាច់ឆ្នាំ២០២០នេះ។ នេះគឺជាសន្យាដ៏ចម្បងបំផុត ព្រោះវាត្រូវបាន គេមើលឃើញថាអាចនឹងក្លាយជាកត្តាមួយកំណត់ថាតើលោក ត្រាំ អាចជាប់ឆ្នោតមួយអាណត្តិទៀតនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ ឬក៏យ៉ាងណា។ បើតាមគេហទំព័រ worldometers បច្ចុប្បន្ន សហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19 ៦.២លាននាក់ ក្នុងនោះ១៨៧,៧៣៧នាក់បានស្លាប់ ខណៈសេដ្ឋកិច្ចអាមេរិក កំពុងរងផលប៉ះពាល់ រីឯអត្រាអ្នកគ្មានការងារធ្វើនៅតែបន្តស្ថិតនៅក្នុងកម្រិតខ្ពស់។
ដូច្នេះ ដើម្បីធ្វើឱ្យស្ថានភាពត្រឡប់ទៅរកភាពប្រក្រតី, បង្កើនការងារឱ្យប្រជាជនអាមេរិក និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ វ៉ាក់សាំង COVID-19 ប្រកបដោយ សុវត្ថិភាព និងប្រសិទ្ធភាព គឺជាអទិភាពដ៏ចម្បងមួយដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវសម្រេចឱ្យបានជោគជ័យ កាន់តែលឿនកាន់តែល្អ៕
ប្រភព៖ Politico