(ប៉េកាំង)៖ គិតរហូតមកទល់ពេលនេះ យានស្រាវជ្រាវឈ្មោះ ឆាងអឺ-៤ (Chang'e-4) របស់ប្រទេសចិន បានបន្តស្ថិតនៅតំបន់មួយចំហៀងទៀតរបស់ព្រះច័ន្ទ (Far Side ឬ Dark Side) អស់រយៈពេលលើសពី ៦០០ថ្ងៃហើយ (ពេលវេលាលើផែនដី) ដើម្បីធ្វើការសិក្សាស្រាវជ្រាវផ្សេងៗ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។
មជ្ឈមណ្ឌលទទួលបន្ទុកកម្មវិធីរុករកឋានព្រះច័ន្ទ របស់ទីភ្នាក់ងារអវកាសចិន CNSA បានឲ្យដឹងថា គិតត្រឹមសប្តាហ៍កន្លងទៅ យានសម្រាប់ចុះចត និងយានចល័តនៃបេសកកម្ម Chang'e-4 បានបញ្ចប់ការងារនៅផ្នែកម្ខាងទៀតរបស់ព្រះច័ន្ទ ដែលមិនបែរមករកផែនដី សម្រាប់ថ្ងៃទី ២១ របស់វា (ជាពេលវេលានៅលើព្រះច័ន្ទផ្ទាល់)។ ពេលថ្ងៃនៅលើផ្ទៃព្រះច័ន្ទមានរយៈពេលស្មើនឹងជាង ១៤ថ្ងៃលើផែនដី ហើយពេលយប់នៅទីនោះ ក៏មានរយៈពេលជាង ១៤ថ្ងៃដូចគ្នា។
គួរជម្រាបថា កាលពីថ្ងៃអង្គារសប្តាហ៍មុននេះគឺជាគម្រប់ ៦០០ថ្ងៃ (ពេលវេលាលើផែនដី) នៃវត្តមានរបស់ Chang'e-4 នៅលើផ្ទៃព្រះច័ន្ទ ខណៈយានរ៉ូបូត យូទូ ២ (Yutu-2) ឬទន្សាយថ្ម ២ (Jade Rabbit-2) ធ្វើដំណើរបានចម្ងាយជិត ៥២០ម៉ែត្រ។ យានដែលមានកង់ចល័តបាននេះ ត្រូវអ្នកវិទ្យាសាស្រ្តចិនរចនាឡើង ឲ្យអាចដំណើរការបានត្រឹមតែ ០៣ខែប៉ុណ្ណោះ ប៉ុន្តែឥឡូវវាបានក្លាយជាយានរ៉ូបូត ដែលដំណើរការបានយូរជាងគេ នៅលើឋានព្រះច័ន្ទ។ Chang'e-4 បានចុះទៅដល់តំបន់ Far Side របស់ព្រះច័ន្ទ កាលពីដើមខែមករា ឆ្នាំ២០១៩៕