(ម៉ូស្គូ)៖ កងទ័ពជើងទឹកអាមេរិក បានដឹកនាំការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតមួយ ដោយប្រើប្រាស់មីស៊ីលប្រឆាំងនាវាចម្បាំង RGM-84 ហាភូន (RGM-84 Harpoon) បាញ់ពន្លិចអតីតនាវាចម្បាំង-ដឹកជញ្ជូនមួយគ្រឿង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។
សមយុទ្ធយោធាខាងលើឈ្មោះ SINKEX បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែសីហា នៅឯតំបន់ឆ្នេរសមុទ្រនៃកោះហាវ៉ៃ។ បើតាមវីដេអូដែលបង្ហាញពីការធ្វើ សមយុទ្ធយោធានេះដែរ មីស៊ីល RGM-84 Harpoon យ៉ាងហោច ០៤គ្រាប់ ត្រូវបានបាញ់សំដៅទៅរកអតីតនាវាចម្បាំងដឹកជញ្ជូន USS ឌួហាម (USS Durham)។ កងទ័ពជើងទឹកអាមេរិកបានឱ្យដឹងទៀតថា USS Durham ត្រូវបានបាញ់ពន្លិចចូលទៅក្នុងសមុទ្រជម្រៅ ៦,០០០ហ្វីត (feet) ឬស្មើនឹង ១,៨២៨ម៉ែត្រ តែទន្ទឹមគ្នានោះ ឥន្ធនៈ ឬសារធាតុពុលចេញពីនាវានេះ ក៏ត្រូវបានបោសសម្អាតផងដែរ។
គួរបញ្ជាក់ថា មីស៊ីល Harpoon គឺជាប្រភេទមីស៊ីលប្រឆាំងនាវាចម្បាំង ដ៏ចំណាស់មួយរបស់កងទ័ពជើងទឹកអាមេរិក ដែលត្រូវបានដាក់ឱ្យប្រើបាស់កាលពីឆ្នាំ១៩៧៧។ មីស៊ីលនេះបានឆ្លងកាត់ការកែលម្អ និងធ្វើបច្ចុប្បន្នភាពជាច្រើនលើក ដែលធ្វើឱ្យវាកាន់តែមានសមត្ថភាព ក្នុងការវាយប្រហារលើនាវាចម្បាំង ហើយមិនតែប៉ុណ្ណោះ វាថែមទាំងត្រូវបានបញ្ចូលបច្ចេកវិទ្យាបាញ់បានឆ្ងាយជាង ដែលអាចប្រជែងជាមួយមីស៊ីលរយៈចំងាយឆ្ងាយ របស់ចិនទៀតផង៕