(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បានចោទប្រកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថាកំពុងញុះញង់ឱ្យមានអំពើហិង្សា បន្ទាប់ពីភាពចលាចល លាយឡំជាមួយអំពើហិង្សា បានផ្ទុះឡើងជាថ្មី ពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។
លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើ នាងកំឡុងការថ្លែងសុន្ទរកថាមួយក្នុងទីក្រុង ភីតស៍ប៊ឺក (Pittsburgh) នៃរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) មួយថ្ងៃមុននឹងលោក ដូណាល់ ត្រាំ ធ្វើដំណើរទៅកាន់ទីក្រុង ខេនណូហ្សា (Kenosha) នៃរដ្ឋវីសខុនសិន (Wisconsin) ជាទីដែលបាតុកម្មតវ៉ាកំពុងធ្វើឡើង ក្រោយបុរសស្បែកខ្មៅម្នាក់ ត្រូវបានប៉ូលិសបាញ់ប្រហារ។
នៅក្នុងសុន្ទរកថាវាយប្រហារលើលោក ត្រាំ ដោយឥតសម្ចៃមាត់ លោក បៃដិន ក៏បានចាត់ទុកផងដែរថា អាណត្តិជាប្រធានាធិបតីរបស់លោក ត្រាំ គឺជា «វត្តមាននៃសារធាតុពុល» នៅក្នុងសហរដ្ឋអាមេរិក។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ភ្លើងកំពុងឆាបឆេះ តែយើងបែរជាមានប្រធានាធិបតីម្នាក់ ដែលដុតភ្លើងបន្ថែម ជាជាងតស៊ូដើម្បីពន្លត់ភ្លើងទៅវិញ។ ប្រធានាធិបតីបច្ចុប្បន្ន គ្មានសមត្ថភាពប្រាប់យើងទាំងអស់គ្នាពីការពិត, អសមត្ថភាពប្រឈមមុខនឹងការពិត និងអសមត្ថភាពដោះស្រាយបញ្ហា»។
គួរជម្រាបថា លោក ដូណាល់ ត្រាំ នឹងត្រូវថ្លែងសារមួយទៅកាន់អ្នកគាំទ្រក្នុងទីក្រុង Kenosha នៅថ្ងៃអង្គារសប្ដាហ៍។ ប៉ុន្តែបើតាមសេតវិមាន លោក ត្រាំ មិនមានគម្រោងជួបជាមួយក្រុមសាច់ញាតិបុរសស្បែកខ្មៅ គឺលោក ហ្សាខូច ប្លេក (Jacob Blake) ដែលត្រូវប៉ូលិសបាញ់ប្រហារនោះទេ៕