(ស៊ីដនី)៖ ក្រុមហ៊ុន Facebook របស់សហរដ្ឋអាមេរិក បានចេញសារគំរាមមួយនៅព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០ នេះថា បណ្តាញសារព័ត៌មាន ឬអ្នកផ្សព្វផ្សាយព័ត៌មានទាំំងឡាយ នៅក្នុងប្រទេសអូស្ត្រាលី «មិនអាចចែកចាយព័ត៌មាន» នៅលើបណ្តាញសង្គមរបស់ខ្លួនដូចជា Facebook និង Instagram ទៀតនោះឡើយ ប្រសិនបើបទប្បញ្ញត្តិថ្មី ដែលបង្ខំឲ្យ Facebook បង់ប្រាក់ដល់អត្ថបទផ្សព្វផ្សាយព័ត៌មាន នៅអូស្ត្រាលីនោះ ត្រូវបានអនុម័តឲ្យក្លាយជាច្បាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
ការប្រកាសរបស់ Facebook ខាងលើនេះ បានកើតមានឡើងក្រោយពី រដ្ឋាភិបាលអូស្ត្រាលីបានបញ្ជាក់ កាលពីកំលុងខែកក្កដាកន្លងទៅនេះថា ខ្លួនកំពុងរៀបចំអនុម័តច្បាប់ ដែលនឹងតម្រូវឲ្យក្រុមហ៊ុន បណ្តាញសង្គមយក្សអាមេរិក Facebook និងក្រុមហ៊ុន Google ធ្វើការចំណាយ (បង់ប្រាក់) ទៅដល់ស្ថាប័នសារព័ត៌មាននានា ដែលតែងតែបង្ហោះអត្ថបទផ្សព្វផ្សាយព័ត៌មាន នៅលើបណ្តាញសង្គមអាមេរិកទាំងនេះ។
សេចក្តីប្រកាសរបស់ Facebook ចេញដោយនាយកចាត់ចែងទូទៅរបស់ខ្លួន ប្រចាំនៅប្រទេសអូស្ត្រាលីលោក វីល អ៉ីស្តុន (Will Easton) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នេះមិនមែនជាជម្រើសទីមួយ របស់យើងនោះទេ... វាគឺជាជម្រើសចុងក្រោយប៉ុណ្ណោះ។ ប៉ុន្តែវាគឺជាមធ្យោបាយតែមួយគត់ ដើម្បីទប់ទល់នឹងលទ្ធផល ដែលអាចនឹងក្លាយជាការប្រឆាំងបទដ្ឋាន ហើយវាក៏នឹងធ្វើឱ្យមានបញ្ហា ព្រោះវានឹងមិនអាចជួយឲ្យវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់អូស្រ្តាលី មានភាពភាពរស់រវើកក្នុងរយៈពេលវែងឡើយ»។
គួរបញ្ជាក់ថា ការតាក់តែងច្បាប់របស់អូស្ត្រាលីខាងលើនេះ គឺបានកើតមានឡើង កាលពីឆ្នាំ២០១៩ និងគ្រោងធ្វើការអនុម័តនៅចុងឆ្នាំ២០២០នេះតែម្តង។ ការធ្វើបែបនេះ ក៏ព្រោះតែអូស្ត្រាលីមើលឃើញថា បណ្តាញសង្គមយក្សអាមេរិកទាំងឡាយ កាន់តែមានឥទ្ធិពលខ្លាំងឡើងៗ។ ហេតុដូច្នេះខ្លួននឹងបង្កើតកិច្ចចរចា ដើម្បីឲ្យបណ្តាញសង្គម Facebook និង Google ជាដើម ធ្វើការចំណាយទៅដល់បណ្តាញសារព័ត៌មានអូស្ត្រាលី ក្នុងករណីដែលបណ្តាញសង្គមទាំងនេះ ប្រើប្រាស់អត្ថបទព័ត៌មានរបស់ពួកគេ។ ការចំណាយនឹងត្រូវឡើងដោយសមរម្យ ស្របតាមការចរចា នៅក្នុងករណីដែលច្បាប់ត្រូវបានអនុម័តរួច៕