(ប៉ារីស)៖ ការខ្វែងគំនិតគ្នា ឬភាពផ្ទុយគ្នារវាងសហរដ្ឋអាមេរិក និងចិន មិនមែនសំដៅទៅលើការប្រកួតប្រជែងអំណាច, តួនាទី ឬប្រព័ន្ធសង្គមឡើយ តែវាគឺជាជម្រើសនៃ ប្រព័ន្ធពហុភាគីនិយម ឬឯកតោភាគីនិយម និងកិច្ចសហប្រតិបត្តិការឈ្នះៗ។ នេះបើតាមលោក វ៉ាង យី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ធ្វើការកត់សម្គាល់ខាងលើ ជាការឆ្លើយតបទៅនឹងលោក ធៀរី ឌឺ ម៉ុងព្រីយ៉ាល់ (Thierry de Montbrial) ជាប្រធាន វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរបស់បារាំង ដែលសួរលោកថាតើធ្វើយ៉ាងដូចម្ដេច ទើបអាចបញ្ជៀសសង្រ្គាមត្រជាក់ថ្មីរវាងចិន និងសហរដ្ឋអាមេរិក កំឡុងបំពេញទស្សនកិច្ច នៅទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យម្សិលមិញ។ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា គោលជំហររបស់ចិនគឺច្បាស់លាស់ នោះគឺប្រទេសទាំងអស់មានសិទ្ធិស្មើគ្នា និងការអភិវឌ្ឍ ផ្ទាល់ខ្លួន ក្នុងនាមជាសមាជិកនៃសហគមន៍អន្តជាតិ។
លោកប្រមុខការទូតចិនរូបនេះ បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «យើងអបអរសារទសហរដ្ឋអាមេរិក ចំពោះការត្រួសត្រាយផ្លូវអភិវឌ្ឍន៍របស់ខ្លួន។ ប៉ុន្តែ ចិនក៏មានសិទ្ធិ ផងដែរ ដើម្បីអភិវឌ្ឍ ហើយប្រជាជនចិនមានសិទ្ធិរស់នៅប្រកបដោយជីវិតរីករាយ...មិនតែប៉ុណ្ណោះចិនស្វាគមន៍ជានិច្ច ការចូលរួមប្រកបដោយលក្ខណៈស្ថាបនាពីបណ្ដា ប្រទេសអឺរ៉ុប ក្នុងនោះដូចជាបារាំង ក្នុងការផ្សះផ្សាទំនាក់ទំនងចិន-សហរដ្ឋអាមេរិក »។
គួរបញ្ជាក់ថា បើតាមលោក វ៉ាង យី ទ្វារចរចារវាងចិន និងសហរដ្ឋអាមេរិក នៅតែបន្តបើកចំហរជានិច្ច ដោយចិនបានត្រៀមខ្លួនជាស្រេចដោះស្រាយជាមួយសហរដ្ឋអាមេរិក ឈរលើបញ្ហារួម៕