Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីស្រាអែល-អេមីរ៉ាតអារ៉ាប់រួម បើកជើងហោះហើរដោយផ្ទាល់ជាប្រវត្តិសាស្រ្ត ក្រោយឈានដល់កិច្ចព្រមព្រៀងសន្តិភាព (Video inside)

31-08-2020 21:04

(អាប៊ូដាប៊ី)៖ ជើងហោះហើរពាណិជ្ជកម្មលើកដំបូង ពីប្រទេសអ៉ីស្រាអែល ទៅកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE) បានចុះចតហើយនៅឯអាកាសយានដ្ឋាន

អន្តរជាតិអាប៊ូដាប៊ី (Abu Dhabi) នៅថ្ងៃចន្ទនេះ ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព ដែលប្រទេសទាំងពីរសម្រេចបាន កាលពីពេលថ្មីៗនេះ។ នេះបើយោង តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។

ជើងហោះហើរលេខ LY971 ដែលជាលេខសំគាល់ឲ្យលេខកូដអន្តរជាតិរបស់ UAE បានដឹកគណៈប្រតិភូអាមេរិក និងអ៉ីស្រាអែលជាច្រើនរូបក្នុងវិស័យ ផ្សេងៗពីគ្នា ដឹកនាំដោយកូនប្រសាររបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងជាទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមាន គឺលោក Jared Kushner។ ក្នុងជើងហោះហើរ នេះដែរ គេក៏ឃើញមានលោក Meir Ben-Shabbat ដែលជាទីប្រឹក្សាសន្តិសុខជាតិអ៉ីស្រាអែលផងដែរ។

គណៈប្រតិភូដែលដឹកនាំដោយ កូនប្រសាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ខាងលើ នឹងចូលទៅជួបតំណាងឲ្យភាគីអេមីរ៉ាតអារ៉ាប់រួម ដើម្បីពិភាក្សាលើ ទស្សនវិស័យ សម្រាប់ទំនាក់ទំនងទ្វេភាគី ក៏ដូចជាការបង្កើនសកម្មភាពរួមគ្នា ដែលជាលទ្ធផលនៃកិច្ចព្រមព្រៀងចងស្ពានមេត្រីរវាងប្រទេសទាំងពីរ។

គួរជម្រាបថា កាលពីថ្ងៃទី១៣ ខែសីហា កន្លងទៅនេះ កិច្ចព្រមព្រៀងចងស្ពានមេត្រីភាពរវាងអ៉ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួមមួយ ត្រូវបានប្រកាសដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ កិច្ចព្រមព្រៀងនេះ ធ្វើឲ្យអេមីរ៉ាត់អារ៉ាប់រួម ក្លាយជារដ្ឋអារ៉ាប់ក្នុង តំបន់ឈូងសមុទ្រដំបូងគេបំផុត និងជាប្រជាជាតិ អារ៉ាប់ទី៣ បន្ទាប់ពីអេហ្ស៊ីប និងហ្ស៊កដានី ដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែល៕