(អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងហោចណាស់កើនដល់ ១៦៣នាក់បានស្លាប់ និង១០១នាក់ទៀតបានរងរបួស គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នា ដែលកើតចេញពីការធ្លាក់ភ្លៀងខ្លាំងហើយបង្កជាទឹកជន់លិច នៅប្រទេសប៉ាគីស្ថាន ក្នុងរយៈពេលប៉ុន្មានខែនេះ។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន (NDMA) ចុះផ្សាយដោយសារពត៌មានចិន ស៊ីនហួរ នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។
NDMA បានបញ្ជាក់ឲ្យដឹងថា ខេត្តស៊ីនដ៍ (Sindh) ភាគខាងត្បូងដែលនៅភាគខាងត្បូង គឺជាតំបន់រងគ្រោះខ្លាំងបំផុតដោយមានមនុស្ស ៦១នាក់បានស្លាប់ និង២២នាក់ផ្សេងទៀតបបានរងរបួស ដោយសារជំនន់ទឹកភ្លៀងនេះ ហើយវាបណ្ដាលឲ្យជន់លិច និងបំផ្លាញលំនៅឋានចំនួន៥៩ខ្នងផងដែរ។ បន្ទាប់មក គឺខេត្តគីបឺ ផាកទុងហា (Khyber Pakhtunkhwa) ភាគពាយព្យ ដែលមនុស្សសរុប ១០២នាក់បានស្លាប់ និង ៤៤នាក់ផ្សេងទៀតបានរងរបួស។
អាជ្ញាធរ NDMA បានបញ្ជាក់ទៀតថា កម្លាំងយោធានិងអង្គការក្រៅរដ្ឋាភិបាល កំពុងបន្តដឹកនាំប្រតិបត្តិការជួយសង្គ្រោះនៅតាមតំបន់ ដែលរងគ្រោះ។ NDMA ក៏បានផ្ដល់ជំនួយជាតង់ ស្បៀងអាហារ ភួយ និងមុង រួមនិងរបស់របរផ្សេងៗទៀត ទៅកាន់តំបន់ទាំងនោះផងដែរ។
គួរបញ្ជាក់ថា ឥទ្ធិពលខ្យល់មូសុង ជាប្រភពចម្បងនៃជំនន់ទឹកភ្លៀងនៅក្នុងប្រទេសប៉ាគីស្ថាន អំឡុងខែកក្កដា-កញ្ញា ជារៀងរាល់ឆ្នាំ ហើយ វាបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអាស៉ីខាងត្បូងមួយនេះ ស្ទើរតែរាល់ឆ្នាំដូចគ្នា ដោយតំបន់ទំនាបត្រូវបានជន់លិច ហើយលំនៅឋានដែលនៅក្បែរច្រាំងទន្លេ បានរងការខូចខាត។
ដោយឡែក នៅក្នុងឆ្នាំនេះ នាយកដ្ឋានឧតុនិយមប៉ាគីស្ថាន បានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ច្រើនជាងធម្មតា។ ដូច្នេះអាជ្ញាធរ ក៏បានចេញសេចក្តីណែនាំឱ្យសាធារណជនទូទៅ ចាត់វិធានការប្រុងប្រយ័ត្នជាមុនផងដែរ៕