(តៃប៉ិ)៖ នាវាពិឃាដអាមេរិកមួយគ្រឿង បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ជាលើកទី ២ ក្នុងរយៈពេលពីរសប្ដាហ៍ ចំពេលសហរដ្ឋអាមេរិក និងប្រទេសចិន កំពុងបង្កើនវត្តមានយោធា និងសមយុទ្ធនៅក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះបើតាមប្រភពពីក្រសួងការពារជាតិតៃវ៉ាន់ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។
កោះតៃវ៉ាន់មិនបានបញ្ជាក់ពីឈ្មោះ នាវាពិឃាដអាមេរិកខាងលើនេះឡើយ ដោយគ្រាន់តែប្រាប់ឱ្យដឹងថា នាវាពិឃាដនោះបានធ្វើបេសកកម្មជាធម្មតា ហើយស្ថានភាពជារួម ក៏ស្ថិតនៅក្នុងភាពប្រក្រតីផងដែរ។ សហរដ្ឋអាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយ ទៅនឹងការអះអាងរបស់ក្រសួងការពារជាតិតៃវ៉ាន់ ខណៈសកម្មភាពបែបនេះ ជារឿយៗតែងតែបង្កឱ្យចិនខឹងសម្បារ និងបង្កភាពតានតឹងកាន់តែខ្លាំង។
គួរជម្រាបថា នាវាពិឃាដបំពាក់មីស៊ីលអាមេរិកឈ្មោះ USS មូស្ទីន (USS Mustin) បានធ្វើដំណើរឆ្លងកាត់តាម ច្រកសមុទ្រតៃវ៉ាន់ម្ដងរួចហើយ កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅនេះ ដោយត្រូវបានចិនចាត់ទុកថា ជាសកម្មភាពប្រកបដោយគ្រោះថ្នាក់៕