(បាងកក)៖ នៅថ្ងៃចន្ទនេះរដ្ឋាភិបាលថៃបានសម្រេចពន្យារពេល ការទិញនាវាមុជទឹកចំនួនពីរគ្រឿងបន្ថែមពីចិន ដែលមានតម្លៃ ៧២៤លានដុល្លារ បន្ទាប់ពីប្រជាជនថៃបានបង្ហាញការខឹងសម្បារ របស់ពួកគេជុំវិញគម្រោងនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។
នៅក្រោមកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០១៥ ថៃបានក្លាយជាប្រទេសដំបូងគេមួយ ដែលទិញបរិក្ខាយោធាជើងទឹកពីប្រទេសចិន ហើយការចរចាបានបញ្ចប់ជាស្ថាពរកាលពីឆ្នាំ២០១៧ ជាមួយការទិញនាវាមុជទឹកចំនួន ០៣គ្រឿង ក្នុងនោះមួយគ្រឿងដំបូងត្រូវគេរំពឹងថា នឹងប្រគល់ឲ្យមកដល់ដៃថៃនៅឆ្នាំ២០២៣។
ដោយឡែក ការបញ្ជាទិញនាវាមុជទឹកបន្ថែម ០២គ្រឿងទៀតពីចិន ក្នុងតម្លៃ ២២.៥ពាន់លានបាត ឬស្មើនឹង ៧២៤លានដុល្លារ ទើបតែត្រូវបានអនុគណៈកម្មាធិការ នៃសភាថៃអនុម័តយល់ព្រម នៅកំលុងខែសីហា ឆ្នាំ២០២០នេះប៉ុណ្ណោះ។ ប៉ុន្តែវាបានបង្កឲ្យមានការរិះគន់ ដោយការមិនពេញចិត្តពីសំណាក់ប្រជាជន ព្រោះប្រទេសថៃពេលនេះ កំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ ដែលបង្កឡើងដោយ COVID-19។
យោងតាមលោកអ្នកនាំពាក្យរដ្ឋាភិបាលថៃ អានុឆា ភូរ៉ាផាត់ឆៃស្រ៊ី (Anucha Burapachaisri) នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានស្នើឲ្យយោធាជើងទឹកពន្យារពេល ក្នុងការទិញនាវាមុជទឹកបន្ថែមពីរគ្រឿងពីចិន ហើយខាងយោធានឹងជួបចរចាជាមួយចិន ដើម្បីសុំការពន្យារពេល ០១ឆ្នាំ។
គួរជម្រាបថា សម្រាប់ត្រីមាសទី ២ នៃឆ្នាំ២០២០នេះ សេដ្ឋកិច្ចថៃបានធ្លាក់ចុះ ១២.២ភាគរយ ខណៈដែលវិស័យទេសចរណ៍ និងបណ្តាវិស័យនានា ដែលដឹកនាំដោយការនាំចេញរបស់ប្រទេសថៃ បាននិងកំពុងបន្តរងការញាំញី ដោយសារជំងឺរាតត្បាតសកល COVID-19។ លោក Anucha បានបញ្ជាក់ថា លោក ប្រាយុទ្ធ បានសម្រេចចិត្តបែបនេះ គឺដោយសារលោកបានផ្តល់អាទិភាពចម្បងបំផុត ទៅលើប្រជាជនដែលបារម្ភអំពីសេដ្ឋកិច្ចជាតិ៕