(ញូដេលី)៖ យោធាឥណ្ឌាបានអះអាងនៅថ្ងៃចន្ទនេះថា កងទ័ពចិនបានធ្វើការចល័ត កាលពីចុងសប្តាហ៍មុននេះ នៅតំបន់ព្រំដែនជម្លោះដ៏រសើប រវាងមហាយក្សអាស៊ីទាំងពីរ បន្ទាប់ពីការផ្ទុះជម្លោះមួយប្រាវ កាលពីប៉ុន្មានខែមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។
សេចក្តីថ្លែងការណ៍ពីយោធាឥណ្ឌា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅយប់ថ្ងៃទី២៩ និងទី៣០ ខែសីហា ឆ្នាំ២០២០ កងទ័ពរំដោះប្រជាជនចិន (PLA) បានរំលោភកិច្ចព្រមព្រៀង ដែលបានធ្វើឡើងនៅក្នុងជំនួបរវាងមន្ត្រី យោធា និងការទូតរវាងប្រទេសទាំងពីរ ដោយបានធ្វើការចល័តទ័ព នាំឲ្យស្ថានការណ៍បច្ចុប្បន្នត្រូវប្រែប្រួល»។
នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើនេះ ឥណ្ឌាក៏បញ្ជាក់ផងដែរថា កងកម្លាំងយោធារបស់ខ្លួនបានព្រមានចិន មិនឲ្យផ្លាស់ប្តូរការពិតណាមួយ ដែលកំពុងមានជាក់ស្តែងនោះឡើយ។ ចំពោះសេចក្តីថ្លែងការណ៍ របស់យោធាឥណ្ឌាពេលនេះ មិនទាន់ទទួលបានការឆ្លើយតបណាមួយ ពីសំណាក់ភាគីចិននៅឡើយទេ។
គួរជម្រាបថា កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០ មានការផ្ទុះអាវុធដាក់គ្នាមួយប្រាវរវាងកងទ័ពចិន និងឥណ្ឌា នៅតំបន់ជ្រលងភ្នំហ្គាល់វ៉ាន (Galwan Valley) ដែលជាចំណុចនៃការប្រមូលផ្តុំកម្លាំងទ័ពរវាងចិន និងឥណ្ឌា។ ក្នុងហេតុការណ៍នោះ បណ្តាលឲ្យទាហានឥណ្ឌាស្លាប់យ៉ាងហោចណាស់ ២០នាក់ ខណៈភាគីចិនកាលណោះ ក៏បានអះអាងថា ខ្លួនមានទាហានស្លាប់ និងរបួសផងដែរ ប៉ុន្តែមិនបានបញ្ជាក់ចំនួននោះឡើយ។ ក្រោយហេតុការណ៍នោះកើតឡើង ទាំងខាងភាគីឥណ្ឌា និងចិនសុទ្ធតែបានប្តេជ្ញាដូចគ្នាថា នឹងពិនិត្យឡើងវិញអំពីការប្រយ័ត្នប្រយែង ដើម្បីកុំឲ្យភាពតានតឹងកើនឡើងកាន់តែខ្លាំង៕