(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថា បុរសម្នាក់ត្រូវបានបាញ់សម្លាប់ នៅក្នុងទីក្រុង ផតលែន (Portland) នៃរដ្ឋអូរ៉េហ្គន (Oregon) កំឡុងការប៉ះទង្គិចគ្នាដោយហិង្សាមួយ ដែលបានផ្ទុះឡើងរវាង ក្រុមសកម្មជនប្រឆាំងការរើសអើងពូជសាសន៍ស្បែកខ្មៅ «Black Lives Matter» និងក្រុមអ្នកគាំទ្ររបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។
បើតាមប៉ូលិសក្នុងទីក្រុង Portland ជនរងគ្រោះខាងលើត្រូវបានគេបាញ់ប្រហារចំដើមទ្រូង ហើយការស៊ើបអង្កេតមួយ កំពុងត្រូវបានធ្វើឡើងហើយ។ ការបាញ់ប្រហារនេះ បានកើតឡើងនៅម៉ោងប្រហែល ៨៖៤៥នាទីយប់ថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) និងបន្ទាប់ពីមានការតវ៉ាទូទាំងប្រទេស រយៈពេល ១សប្ដាហ៍មកហើយ រួមទាំងការលុបចោលព្រឹត្តិការណ៍កីឡាជាច្រើន ដោយសារតែការបាញ់ប្រហារលើ បុរសស្បែកខ្មៅម្នាក់ឈ្មោះ ហ្សាខូប ប្លេក (Jacob Blake) ពីសំណាក់ប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុង ខេនណូហ្សា (Kenosha) នៃរដ្ឋវិសខុនសិន (Wisconsin) កាលពីពេលថ្មីៗនេះ។
បាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ នៅតាមបណ្តាទីក្រុងនានារបស់សហរដ្ឋអាមេរិក បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ សម្រាប់យុទ្ធនាការបោះឆ្នោត ប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខនេះ ដោយលោក ត្រាំ បានចាត់ទុកខ្លួនឯងជាអ្នករក្សាការពារ និងអនុវត្តច្បាប់ដើម្បីសណ្ដាប់ធ្នាប់» ហើយបានវាយប្រហារគូប្រជែង គឺលោក ចូ បៃដិន ថាជាមនុស្សទន់ខ្សោយ មិនអាចបំបាត់អំពើហិង្សា និងឧក្រិដ្ឋកម្មនានាបាន។
កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ លោក ត្រាំ បានថ្កោលទោសយ៉ាងខ្លាំង លើអំពើហឹង្សានៅក្នុងទីក្រុងមួយចំនួន ទូទាំងសហរដ្ឋអាមេរិក ជាពិសេសគឺទីក្រុងគាំទ្រគណបក្សប្រជាធិបតេយ្យដូចជា Portland ជាដើម។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានព្រមានផងដែរពីការបញ្ជូនកងកម្លាំងរដ្ឋាភិបាលសហព័ន្ធ ទៅកាន់ទីក្រុងឆ្នេរភាគខាងលិចមួយនេះ ក្នុងករណីដែរអភិបាលក្រុង លោក ថេដ វីឡឺ (Ted Wheeler) មិនអាចទប់ស្កាត់បាតុកម្មហិង្សាបានទេនោះ៕