(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានប្រកាសថា ប្រទេសរបស់លោកនឹងធ្វើតេស្ដសាកល្បងលើ បចេ្ចកវិទ្យាម៉ាស៊ីនរុញគ្រាប់រ៉ុក្កែត ដោយសារធាតុរាវ ដែលផលិតនៅក្នុងស្រុកជាលើកដំបូង សម្រាប់ទីអវកាសក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។
លោក Erdogan ធ្វើការប្រកាសបែបនេះនាកំឡុងពិធីបើកសម្ពោធ ក្រុមហ៊ុនបាញ់បង្ហោះគ្រាប់រ៉ុកក្កែត រ៉ុក្កែតសាន (Roketsan) កាលពីថ្ងៃអាទិត្យ។ នាឱកាសនោះ លោកប្រធានាធិបតីតួកគីរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមប្រកាសពីការចាប់ផ្ដើមសាកល្បង នូវបច្ចេកវិទ្យាម៉ាស៊ីនរុញគ្រាប់រ៉ុក្កែត ដោយសារធាតុរាវផលិតនៅក្នុងស្រុក ជាលើកដំបូងបំផុតសម្រាប់ប្រើនៅទីអវកាស»។
លោក Erdogan បានសង្កត់ធ្ងន់បន្ថែមទៀតថា ប្រទេសតួកគី បានធ្វើតេស្ដរួចហើយលើគ្រាប់រ៉ុក្កែត ប្រើប្រាស់ឥន្ធនៈរឹងជាលើកដំបូងរបស់ខ្លួន ខណៈកំពុងបន្ត អភិវឌ្ឍគ្រាប់រ៉ុក្កែតប្រើប្រាស់ឥន្ធនៈរាវ។ បើតាមលោក Erdogan តួកគីមានគោលបំណងបញ្ចប់ គម្រោងបាញ់បង្ហោះផ្កាយរណបខ្នាតតូច (microsatellite) របស់ខ្លួននៅឆ្នាំ២០២៥។ នេះជាផែនការរបស់តួកគី ក្នុងការអភិវឌ្ឍឲ្យបាននូវ ប្រភពថាមពលស្អាត (មានផលប៉ះពាល់តិចតួចបំផុតដល់បរិស្ថាន) សម្រាប់ប្រើប្រាស់ក្នុងវិស័យអវកាស៕