(បាងកក)៖ អ្នករាជានិយមថៃប្រមាណជាង ១,២០០នាក់ បានប្រមូលផ្តុំគ្នានៅថ្ងៃអាទិត្យនេះ នៅឯពហុកីឡដ្ឋានជាតិក្នុងទីក្រុងបាងកក ដើម្បីបង្ហាញការគាំទ្រដល់របបរាជានិយម បន្ទាប់ពីការធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលដឹកនាំដោយក្រុមនិស្សិត បានកើតឡើងស្ទើររាល់ថ្ងៃជាងមួយខែមកហើយ ដើម្បីអំពាវនាវឲ្យមានផ្លាស់ប្តូររដ្ឋាភិបាល និងកំណែទម្រង់ស្ថានប័នព្រះមហាក្សត្រ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០។
ជាមួយនឹងដៃកំពុងកាន់ទង់ជាតិ និងព្រះឆាយាល័ក្ខណ៍នៃព្រះមហាក្សត្រថៃ Maha Vajiralongkorn ដែលភាគច្រើនជាមនុស្សវ័យចំណាស់ បានហៅខ្លួនឯងថា«Thai Pakdee» ឬប្រែថា «ថៃស្មោះត្រង់» បានជំរុញប្រជាជនថៃ ឲ្យការពាររបបរាជានិយម និងប្រទេសជាតិ។
ការប្រមូលផ្ដុំគ្នានៅពហុកីឡាដ្ឋានជាតិក្នុងទីក្រុងបាងកក នៅថ្ងៃអាទិត្យនេះ អ្នករាជានិយមថៃខ្លះ កាន់ផ្ទាំងបដាដែលសរសេរអក្សរធំៗថា «យើងស្រឡាញ់ស្តេច» ខណៈដែលអ្នកខ្លះទៀតសរសេរថា «សង្គ្រោះជាតិ», «កុំសម្លុតអ្នកស្មោះត្រង់» និង«បើចង់ផ្តួលរំលំស្ថាប័នព្រះមហាក្សត្រ ត្រូវរំលង សាកសព ខ្ញុំសិន»។ បាតុករម្នាក់ឈ្មោះ Somporn Sooklert អាយុ ៦៣ ឆ្នាំ បានមានប្រសាសន៍ថា «ខ្ញុំចង់ឲ្យមនុស្សជំនាន់ថ្មី ពេញចិត្តប្រទេសជាតិ សាសនា និងរាជានិយម តាមដែលអាចធ្វើទៅបាន ពីព្រោះបើគ្មានមួយក្នុងចំណោមទាំងបីនេះ ប្រទេសជាតិមិនអាចរស់បានទេ»។
គួរជម្រាបថា ការប្រមូលផ្តុំនេះ កើតឡើងបន្ទាប់ពីមានការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃដឹកនាំដោយក្រុមនិស្សិត អស់រយៈពេលជាងមួយខែមកហើយ ដែលបានទាមទារបណ្តេញរដ្ឋាភិបាល និងបានរិហារ ច្បាប់ព្រហ្មទណ្ឌ ១១២ ដែល ចែង ការពារ យ៉ាង មុត មាំ របប រាជា និយម និង គ្រួសាររាជវង្សថៃ៕