(លីបង់)៖ ក្រសួងសុខាភិបាលនៃប្រទេសលីបង់ នៅថ្ងៃអាទិត្យនេះ បានប្រកាសថាតួលេខអ្នកស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅឯកំពង់ផែទីក្រុង Beirut នាពេលកន្លងទៅនេះ គឺបានកើនដល់ ១៩០នាក់ ខណៈអ្នករបួសកើនដល់ជាង ៦,៥០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០។
គួរបញ្ជាក់ថា ឧបទ្ទវហេតុផ្ទុះដ៏សាហាវនោះ បានកើតឡើងកាលពីថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ និងត្រូវបានរដ្ឋាភិបាលលីបង់អះអាងថា បង្កឡើងដោយការឆេះនិងផ្ទុះសារធាតុគីមីអាម៉ូញ៉ូមនីត្រាត (ammonium nitrate) រហូតដល់ទៅ២,៧៥០តោន ដែលត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមួយ នៃតំបន់កំពង់ផែរដ្ឋធានីបេរូត អស់រយៈពេល០៦ឆ្នាំមកហើយ។
ក្រៅពីអ្នកស្លាប់និងរបួស មានមនុស្សចំនួន ០៣នាក់កំពុងបាត់ខ្លួននៅឡើយផងដែរ ខណៈមនុស្សប្រមាណជាង ៣០០.០០០នាក់ទៀត បានបាត់បង់ផ្ទះសម្បែង។ រដ្ឋាភិបាលលីបង់បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងសាងសង់ឡើងវិញ ដោយមានជំនួសពីបរទេសដ៏ច្រើន៕