(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន២៩៩នាក់ថែមទៀត ធ្វើឲ្យករណីសរុបកើនដល់១៩,៦៩៩នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០។
អត្រាអ្នកឆ្លងប្រចាំថ្ងៃខាងលើនេះ បានធ្លាក់ចុះក្រោម៣០០នាក់ជាលើកដំបូង គិតក្នុងអំឡុងពេល៥ថ្ងៃចុងក្រោយនេះ ប៉ុន្តែវាបានបន្តស្ថិតនៅចំនួនបីខ្ទង់បែបនេះចាប់តាំងតែពីថ្ងៃទី១៤ ខែសីហាមក។ ក្នុងចំណោមករណីថ្មីៗ ភាគច្រើនត្រូវបានរកឃើញនៅទីក្រុងសេអ៊ូល ដែលមាន១១៤នាក់ និងនៅខេត្ត Gyeonggi ដែលមាន៧៧នាក់។ ក្រៅពីនេះក៏មាន១៦នាក់ ជាករណីនាំចូលពីក្រៅប្រទេសផងដែរ។
គួរជម្រាបថា អ្នកជំងឺ COVID-19 ២នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិតសរុបកើនដល់៣២៣នាក់ ខណៈអ្នកជាសះស្បើយកើនដល់១៤,៩០៣នាក់។ គិតមកទល់ពេលនេះ កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សជិត២លាននាក់៕