(មែលប៊ន)៖ ករណីឆ្លងថ្មីៗនៃ COVID-19 ដែលត្រូវបានរកឃើញនៅរដ្ឋ Victoria នៃប្រទេសអូស្រ្តាលី បានវិលទៅរក៣ខ្ទង់ជាថ្មីឡើងវិញ នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីបានធ្លាក់ចុះកាលពីម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០។
រដ្ឋភាគអាគ្នេយ៍អូស្រ្តាលី Victoria នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន១១៤នាក់ ខណៈកាលពីថ្ងៃសៅរ៍អត្រាអ្នកឆ្លងបានធ្លាក់នៅ៩៤នាក់ ដែលជាចំនួនទាបជាងគេក្នុងរយៈពេលជិត២ខែ។ ទីក្រុងមែលប៊ន ដែលជារដ្ឋធានីរបស់ Victoria កំពុងតែស្ថិតក្នុងសប្តាហ៍ទី៤ នៃការអនុវត្តវិធានការរឹតត្បិតខ្លាំងដែលមានរយៈពេលសរុប៦សប្តាហ៍ ហើយអាជ្ញាធរបានបញ្ជាក់ថា នឹងធ្វើការបន្ធូរបន្ថយវិញដោយសន្សឹមៗប៉ុណ្ណោះ ពោលនឹងមិនដកចេញទាំងស្រុងភ្លាមៗឡើយ។
គួរជម្រាបថា សរុបនៅទូទាំងប្រទេសអូស្រ្តាលីវិញ មានអ្នកឆ្លង COVID-19 ប្រមាណ២៥,៦០០នាក់ ក្នុងនោះស្លាប់៦០០នាក់។ ចំណែកនៅនូវែលសេឡង់ឯណោះវិញ នថ្ងៃអាទិត្យនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីត្រឹម២នាក់ ធ្វើឲ្យចំនួនករណីឆ្លងសរុបកើនដល់ ១,៣៧៨នាក់ ក្នុងនោះស្លាប់២២នាក់។ ទោះជាយ៉ាងនេះក្តី ទីក្រុងធំបំផុតរបស់នូវែលសេឡង់គឺ Auckland ក៏កំពុងស្ថិតក្រោមវិធានការរឹតត្បិតដែរ៕