(វ៉ាស៊ីនតោន)៖ នាយសេនាធិការកងទ័ពអាមេរិក លោកនាយឧត្ដមសេនីយ៍ Mark Milley បាននិយាយថាយោធាអាមេរិកទាំងអស់ នឹងមិនចូលរួមពាក់ព័ន្ធក្នុង ការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងចូលមកដល់នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០។

លោក Mark Milley ធ្វើការកត់សម្គាល់ខាងលើនៅក្នុងលិខិតមួយចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ និងជាការឆ្លើយទៅនឹងសំនួររបស់សមាជិកសភាតំណាងរាស្ត្រ អាមេរិកពីរនាក់។ នៅក្នុងលិខិតដដែល លោក Mark Milley បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាជម្លោះណាមួយកើតឡើងនៅក្នុងការបោះឆ្នោត នោះការដោះសា្រយជម្លោះនឹងធ្វើឡើងតាមផ្លូវច្បាប់នៃតុលាការ និងសភាអាមេរិក ពោលគឺមិនមែនភារកិច្ចរបស់យោធាអាមេរិក ឡើយ»។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Mark Milley កើតមានឡើង ចំពេលលោក ដូណាល់ ត្រំា បានបង្កឱ្យមានការសង្ស័យជាច្រើនថាលោកអាចនឹងមិនទទួល ស្គាល់លទ្ធផលបោះឆ្នោតទេ ក្នុងករណីដែលលោកចាញ់លោក ចូ បៃដិន។ លោក ត្រាំ បានបង្កការសង្ស័យបែបនេះ បន្ទាប់ពីលោកចោទប្រកាន់ដោយមិនបានបញ្ជាក់ ភស្ដុងតាងជាច្រើនលើកថាការបោះឆ្នោតតាមប្រៃសនីយនឹងនាំឱ្យមានការក្លែងបន្លំសន្លឹកឆ្នោត។

ប៉ុន្តែជាការឆ្លើយតប លោក ចូ បៃដិន បេក្ខជនប្រធានាធិបតីមកពី គណបក្សប្រជាធិបតេយ្យ បានអះអាងដោយជឿជាក់ជាក់យ៉ាងមុតមាំថា យោធាអាមេរិក នឹងអូសលោក ដូណាល់ ត្រាំ ចេញពីសេតវិមាន បើសិនជាលោកចាញ់ឆ្នោត តែនៅតែក្រាញននាលមិនព្រមចុះចេញពីតំណែង៕