(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ស្របពេលដែលទឹកកកកាន់តែរលាយ វាបានផ្តល់ឱកាសកាន់តែបើកចំហ សម្រាប់ឲ្យកប៉ាល់កាន់តែច្រើន ធ្វើដំណើរឆ្លងកាត់នៅតំបន់សមុទ្រអាក់ទិច។ ប៉ុន្តែប្រការនេះត្រូវគេមើលឃើញថា មិនមែនជារឿងល្អឡើយ សម្រាប់បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាគួរឲ្យបារម្ភរួចស្រាប់ទៅហើយនោះ។
២៖ មនុស្សយ៉ាងហោចណាស់ ១០៦នាក់បានស្លាប់ និង ៥២នាក់ទៀតបានរងរបួស គិតចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នា ដែលសុទ្ធតែបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដោយសារឥទ្ធិពលខ្យល់មូសុង បង្កទៅជាទឹកជំនន់ជនលិចភ្លាមៗ នៅតំបន់ខ្លះនៃប្រទេសប៉ាគីស្ថានក្នុងរយៈពេល ប៉ុន្មានខែនេះ។
៣៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានបំណងចុះហត្ថលេខាលើ កញ្ចប់ថវិកាជំនួយ «១.៣ទ្រីលានដុល្លារ» ដើម្បីប្រយុទ្ធប្រឆាំង និងដោះស្រាយវិបត្តិ ដែលបង្កឡើងដោយ COVID-19 ប៉ុន្តែត្រូវបានប្រធានសភាតំណាងរាស្ត្រ មកពីគណបក្សប្រជាធិបតេយ្យ គឺលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បដិសេធ។
៤៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ទាហានអាមេរិក ០២នាក់បានស្លាប់ និង០៣នាក់ទៀត បានរងរបួស ក្នុងគ្រោះថ្នាក់ធ្លាក់ ឧទ្ធម្គាគចក្រមួយគ្រឿង កំឡុងហ្វឹកហាត់ កាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅ នៅឯភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា។
៥៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អ៉ីស្ពើ (Mark Esper) បានចោទប្រកាន់ចិនចំៗថា កំពុងធ្វើសកម្មភាពបង្កអស្ថេរភាព នៅក្នុងតំបន់ប៉ាស៊ីហ្វិក ខណៈមហាអំណាចទាំង ២ កំពុងបង្អួតសាច់ដុំដាក់គ្នានៅឯតំបន់ជម្លោះដែនទឹក ក្នុងតំបន់សមុទ្រចិនខាងត្បូង។
៦៖ មេបក្សប្រឆាំងវេណេស៊ុយអេឡាលោក ហ្ស៊ន ហ្គៃដូ (Juan Guaido) បាននិយាយថា លោកកំពុងទាមទារភាពទទួលខុសត្រូវ ពីសហរដ្ឋអាមេរិក ក្នុងការបន្តដាក់សម្ពាធទៅលើរដ្ឋាភិបាលលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បើទោះបីជានៅក្រោយពេល លោក ដូណាល់ ត្រាំ ចាញ់ ឬឈ្នះការបោះឆ្នោតក៏ដោយ៕