(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បានប្រកាសកាលពីថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ថា លោកនឹងលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីជំងឺចាស់គឺរលាកពោះវៀនធំ និងពោះវៀនតូចរុំារ៉ៃរើឡើង។ គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចសព្វថ្ងៃនៅក្នុងប្រទេសជប៉ុន នឹងបោះឆ្នោតជ្រើសអ្នកបន្តវេនពី លោកនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ។

ចំពោះមុខការលាលែងចេញពីតំណែងរបស់លោក អាបេ ដែលអាចនឹងកើតឡើងជាផ្លូវការ នៅពេលក្នុងពេលឆាប់ៗខាងមុខនេះ សារព័ត៌មាន និងអ្នកជំនាញជាច្រើនទូទាំងពិភពលោក ជាពិសេសនៅក្នុងប្រទេសជប៉ុនផ្ទាល់ បានលើកឡើងពីមន្ត្រីរដ្ឋាភិបាល និងអ្នកនយោបាយជប៉ុនមួយចំនួន ដែលអាចនឹងមានឱកាស ក្នុងការជ្រើសតាំងឲ្យបន្តវេនពីលោក អាបេ។

ខាងក្រោមនេះគឺបេក្ខជនមួយចំនួន ដែលត្រូវបានគេមើលឃើញថា អាចនឹងឡើងមកដឹកនំា​ប្រទេសសេដ្ឋកិច្ចយក្សលំដាប់លេខ ៣ របស់ពិភពលោកមួយនេះ៖

១៖ លោក អាសូ តារ៉ូ (TASO ARO)

លោក អាសូ តារ៉ូ មានអាយុ ៧៩ឆ្នាំ ដែលបច្ចុប្បន្នកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងឧបនាយករដ្ឋមន្ត្រី គឺជាសមាជិកស្នូលម្នាក់ នៃរដ្ឋបាលរបស់លោក អាបេ។ នៅក្នុងករណីមិនមានការឯកភាពគ្នាច្បាស់លាស់ថា តើនរណាគួរតែឡើងកាន់តំណែងជំនួសលោក អាបេ សមាជិកសភាមកពីគណបក្ស LDP អាចនឹងតែងតំាងលោក អាសូ ឱ្យកាន់តំណែង ជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន។

២៖ លោក អ៉ីស៊ិបា ស៊ិជីរុ (ISHIBA SHIGERU)

អតីតរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក អ៉ីស៊ិបា ស៊ិជីរុ មានអាយុ ៦៣ឆ្នាំ គឺជាមនុស្សម្នាក់ដែលអ្នកបោះឆ្នោតមួយចំនួន ចង់ឃើញលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ប៉ុន្តែលោកមានប្រជាប្រិយភាពតិចតួច នៅក្នុងចំណោមសមាជិកសភានៃគណបក្ស LDP។ លោក អ៉ីស៊ិបា ធ្លាប់បានផ្ដួលលោក អាបេ ម្ដងដែរនៅក្នុងការបោះឆ្នោតជុំទី ១ ជ្រើសរើស មេដឹកនាំគណបក្សកាលពីឆ្នាំ២០១២។

៣៖ លោក គីស៊ីដា ហ្វូមីញ៉ូ (KISHIDA FUMIO)

លោក គីស៊ីដា ហ្វូមីញ៉ូ មានអាយុ ៦៣ឆ្នាំ ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេសជប៉ុន នៅក្រោមរដ្ឋបាលលោក អាបេ ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧។ លោក គីស៊ីដា ត្រូវបានគេមើលឃើញថា ជាមនុស្សដែលអាចបន្តវេនពីលោក អាបេ។ ប៉ុន្តែប្រជាប្រិយភាពរបស់លោកនៅមានកម្រិតនៅឡើយ តាមរយៈការស្ទង់មិតលើអ្នកបោះឆ្នោត។

៤៖ លោក កូណុ តារ៉ូ (KONO TARO)

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក កូណុ តារ៉ូ មានអាយុ ៥៦ឆ្នាំ ត្រូវបានគេស្គាល់ថា ជាមនុស្សឯករាជ្យម្នាក់ ប៉ុន្តែលោកបានប្រកាន់ភ្ជាប់ នូវគោលនយោបាយសំខាន់ៗមួយចំនួនរបស់លោក អាបេ ក្នុងនោះរួមមានទាំងគោលជំហរដាច់ណាត់ ពាក់ព័ន្ធនឹងជម្លោះជាមួយកូរ៉េខាងត្បូង ជុំវិញប្រវត្តិសាស្រ្តសម័យសង្រ្គាម។

៥៖ លោក ស៊ូហ្គា យូស៊ីហ៊ិដិ (SUGA YOSHIHIDE)

លោក យូស៊ីហ៊ិដិ ស៊ូហ្គា មានអាយុ៧១ឆ្នាំ ជាមនុស្សស្មោះត្រង់ម្នាក់ចំពោះលោក អាបេ ចាប់តាំងពីអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក អាបេ ជួបបញ្ហាក្នុងឆ្នាំ២០០៦ និងឆ្នាំ២០០៧មកម្លេះ។ លោក ស៊ូហ្គា ក៏ជាមនុស្សម្នាក់នៅក្នុងចំណោមអ្នកដែលជំរុញលើកទឹកចិត្តឱ្យលោក អាបេ ចូលរួមក្នុងការបោះឆ្នោតជាថ្មីនៅឆ្នាំ២០១២ផងដែរ។

បច្ចុប្បន្ន លោក ស៊ូហ្គា មានតំណែងជាប្រមុខខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន ដែលដើរតួជាអ្នកនាំពាក្យកំពូលម្នាក់របស់រដ្ឋាភិបាលលោក អាបេ។

៦៖ លោក កូអ៉ីហ្សូមី ស៊ីនជីរ៉ូ (KOIZUMI SHINJIRO)

លោក កូអ៉ីហ្សូមី ស៊ីនជីរ៉ូ មានអាយុ ៣៩ឆ្នាំ បច្ចុប្បន្នគឺជារដ្ឋមន្ត្រីបរិស្ថាន និងជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក កូអ៉ីហ្សូមិ ជូនីឈិរ៉ូ (Koizumi Junichiro)។ លោក ស៊ីនជីរ៉ូ ត្រូវបានគេគិតជាញឹកញាប់ថា ជាអនាគតនាយករដ្ឋមន្ត្រី ប៉ុន្តែមនុស្សភាគច្រើន នៅតែយល់ថា លោកនៅក្មេងនៅឡើយ ហើយមិនតែប៉ុណ្ណោះលោកក៏ជាមនុស្ស ម្នាក់ដែលមានគំនិតអភិរក្សនិយមខ្លះ ដូចលោក អាបេ ផងដែរ ក្នុងនោះរួមមានទាំងការបង្ហាញមុខ ដើម្បីគោរពវិញ្ញាណក្ខន្ធកងទ័ពជប៉ុន នៅឯទីសក្ការៈយ៉ាស៊ូគូនី (Yasukuni) ដែលតែងតែធ្វើឲ្យចិន និងកូរ៉េខាងត្បូងចេញសេចក្តីថ្លែងការណ៍ថ្កោលទោស។

៧៖ លោក កាតុ កាត់ស៊ូណូប៊ូ (KATO KATSUNOBU)

លោក កាត់ស៊ូណូប៊ូ កាតុ ជារដ្ឋមន្ត្រីសុខាភិបាលជប៉ុន មានអាយុ ៦៤ឆ្នាំ បានស្ថិតនៅក្រោមក្រសែភ្នែកយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្រជាជនជប៉ុន កំឡុងការផ្ទុះឡើង ដំបូងនៃករណីឆ្លង COVID-19។

៨៖ លោក នីស៊ិមូរ៉ា យ៉ាស៊ូតូស៊ិ (NISHIMURA YASUTOSHI)

លោក នីស៊ិមូរ៉ា យ៉ាស៊ូតូស៊ិ ជារដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន មានអាយុ ៥៧ឆ្នាំ ក៏ត្រូវបានប្រជាជនជប៉ុនឃ្លាំមើលមិនដាក់ភ្នែកផងដែរ ពាក់ព័ន្ធនឹងគោលនយោបាយដោះស្រាយវិបត្តិ COVID-19។

៩៖ លោកស្រី ណូដា សីកុ (NODA SEIKO)

លោកស្រី ណូដា សីកុ អាយុ ៥៩ឆ្នាំ មិនបានលាក់បាំងពីបំណងប្រាថ្នា ចង់ក្លាយជានាយករដ្ឋមន្ត្រីជប៉ុនស្ត្រីដំបូងបំផុតទេ។ លោកស្រី ជាមនុស្សម្នាក់ដែលតែងតែរិះគន់លោក អាបេ តែលោកស្រីមិនបានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ឡើយ ក្នុងការប្រកួតប្រជែង យកតំណែងជាមេដឹកនាំគណបក្ស LDP កាលពីឆ្នាំ២០១៨៕

ប្រភព៖ CNA (ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០)