(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន, គណៈកម្មាធិការសេដ្ឋកិច្ចអាមេរិកឡាទីន និងការ៉ាប៊ីន និងសហព័ន្ធសារព័ត៌មានអាមេរិកឡាទីន បានរួមគ្នារៀបចំវេទិកាសហប្រតិបត្តិការតាមអនឡាញនៃប្រព័ន្ធសារព័ត៌មានក្រោមប្រធានបទ «ដៃគូអាមេរិកឡាទីន» ឆ្នាំ២០២០តាមរយៈប្រព័ន្ធវីដេអូ។
តំណាងមកពីស្ថាប័នសារព័ត៌មានចំនួន ១៥ នៃប្រទេសចិន និងប្រទេសអាមេរិកឡាទីនចំនួន ១១ សរុប ៣៣រូបបានធ្វើកិច្ចសន្ទនាតាមអនឡាញ និងចេញសេចក្តីថ្លែងការណ៍រួម អំពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដែលបានចារទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានចិន និងអាមេរិកឡាទីន។
ពេលថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាលើកនេះ លោក សិន ហៃសុង (Shen Haixiong) អគ្គនាយក និងជានិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុ និងទូទស្សន៍មជ្ឈិមចិនបានលើកឡើងថា ប្រព័ន្ធសារព័ត៌មានគួរតែផ្សព្វផ្សាយដំណឹងអំពីការពិត តែមិនមែនបង្កើតពាក្យចចាមអារ៉ាម និងបង្ករឿងនោះទេ, ប្រព័ន្ធសារព័ត៌មានគួរតែប្រមូលផ្តុំគំនិតឯកភាពរួម តែមិនមែនបង្កការខ្វែងគំនិតគ្នានោះទេ, ប្រព័ន្ធសារព័ត៌មានគួរតែប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង តាមបែបវិទ្យាសាស្រ្ត តែមិនមែនទម្លាក់កំហុសទៅឱ្យប្រទេសដទៃនោះទេ, ប្រព័ន្ធសារព័ត៌មានគួរតែផ្សព្វផ្សាយពីជំនឿចិត្ត តែមិនមែនវាយប្រហារក្នុងចេតនាអាក្រក់នោះឡើយ។
លោក Shen បានបន្តទៀតថា ប្រព័ន្ធសារព័ត៌មានចិននិងអាមេរិកឡាទីនគួរតែបង្កើនកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀត រួមគ្នាបញ្ចេញសំឡេងរបស់ប្រព័ន្ធសារព័ត៌មានចិន និងអាមេរិកឡាទីន និងជំរុញកិច្ចកសាងសហគមន៍រួមវាសនាខាងសុខាភិបាលមនុស្សជាតិ ក្នុងអាកប្បកិរិយាទទួលខុសត្រូវ និងប្រកាន់ខ្ជាប់គោលការណ៍សត្យានុម័ត យុត្តិធម៌ និងពិតប្រាកដ ។
ឥស្សរជនដែលចូលរួមវេទិកាបានថ្លែងថា ក្នុងគ្រាដ៏គន្លឹះនៃការសាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៅតែមានអ្នកនយោបាយ និងប្រព័ន្ធសារព័ត៌មាននៃប្រទេសមួយចំនួន បានតម្កល់ផលប្រយោជន៍ផ្ទាល់ខ្លួនលើអាយុជីវិត ប្រព័ន្ធសារព័ត៌មានដែលមានសតិសម្បជញ្ញៈលើពិភពលោក សុទ្ធតែឈរនៅជាមួយគុណធម៌ជាប់ជានិច្ច។
ក្រៅពីនេះក្នុងវេទិកាតាមអនឡាញលើកនេះ តំណាងប្រព័ន្ធសារព័ត៌មាន នៃបណ្តាប្រទេសនានាក៏បានចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមអំពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងរបស់ដៃគូអាមេរិកឡាទីន» ផងដែរ៕