(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញការសោកស្ដាយជាខ្លាំងជុំវិញការសម្រេចចិត្ត លាលែងចេញពីតំណែងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ដោយសារតែបញ្ហាសុខភាព។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០។
លោក អាបេ ប្រកាសជាផ្លូវការថា នឹងលាលែងចេញពីតំណែង កាលពីថ្ងៃសុក្រម្សិលមិញនេះ ដោយសារតែបញ្ហាសុខភាព ហើយនេះគឺជាលើកទី ២ ក្នុងជីវិតលោក អាបេ ដែលបានប្រកាសលាលែងចេញពីតំណែង ជានាយករដ្ឋមន្ត្រីព្រោះតែបញ្ហាសុខភាព។ កាលពីឆ្នាំ២០០៧ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានប្រកាសលាលែងពីតំណែង ដោយសារជំងឺរលាកពោះវៀនធំ និងពោះវៀនតូចធ្ងន់ធ្ងរ ក្រោយកាន់អំណាចបានតែមួយឆ្នាំប៉ុណ្ណោះ។
ដោយឡែក ក្រោយពីទទួលបានដំណឹងលាលែងរបស់លោក អាបេ ខាងលើនេះ លោក ដូណាល់ ត្រាំ និងមេដឹកនាំពិភពលោកនានា បានបង្ហាញការសោកស្ដាយ និងជូនពរឱ្យលោក អាបេ ឆាប់ជាសះស្បើយពីជំងឺផងដែរ។ ចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំចង់បង្ហាញការគោរពរបស់ខ្ញុំ ចំពោះលោកនាយរដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ ដែលជាមិត្តដ៏អស្ចារ្យម្នាក់របស់ខ្ញុំ។ យើងមានទំនាក់ទំនងដ៏អស្ចារ្យ ហើយខ្ញុំមានអារម្មណ៍សោកស្ដាយជាទីបំផុត ចំពោះដំណឹងមួយនេះ ពីព្រោះវាគឺជាការសម្រេចចិត្តចាកចេញ ដ៏លំបាកបំផុតរបស់លោក...»។
គួរជម្រាបថា លោក អាបេ ស៊ីនហ្សូ មិនបានបង្ហើបពីឈ្មោះអ្នកដែលនឹងត្រូវបន្តវេនពីលោកឡើយ តែបើតាមសារព័ត៌មានជប៉ុន Kyodo គណបក្សប្រជាធិបតេយ្យសេរី LDP របស់លោក អាបេ នឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីជំនួសលោក អាបេ នៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះ៕