(ឡូស អាន់ជែលឡែស)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ទាហានអាមេរិក ០២នាក់បានស្លាប់ និង០៣នាក់ទៀត បានរងរបួស ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្គាគចក្រមួយគ្រឿង កំឡុងហ្វឹកហាត់ កាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅ នៅឯភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា។ នេះបើយោង តាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០។
បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ឧទ្ធម្គាគចក្រ Blackhawk បានធ្លាក់នៅលើកោះ San Clemente ដែលមានចម្ងាយប្រហែល ៧២ម៉ាយល៍ (ប្រហែល ១១២គីឡូម៉ែត្រ) ពីភាគខាងលិចនៃទីក្រុង San Diego។ យោធាអាមេរិក ក៏បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដែរថា សាកសពទាហានទាំង២នាក់ ខាងលើ ត្រូវបានប្រគល់ទៅឲ្យផ្នែកមួយនៃទីបញ្ជាការប្រតិបត្តិការពិសេសរបស់កងទ័ពអាមេរិក (USASOC) ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមអំពី មូលហេតុនៃគ្រោះថ្នាក់នេះ។
គួរបញ្ជាក់ នេះគឺជាគ្រោះថ្នាក់លើកទី២ហើយ ក្នុងកំឡុងហ្វឹកហាត់សមយុទ្ធយោធានៅតំបន់ខាងលើ ក្នុងរយៈពេល១ខែមកនេះ។ កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅនេះ កងទ័ពអាមេរិក ០៩នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែរថពាសដែក របស់ពួកគេត្រូវបានលិចលង់នៅក្បែរកោះ San Clemente៕