(ប៉ារីស)៖ ប្រទេសបារាំងបានរាយការណ៍ពីអ្នកឆ្លង COVID-19 ប្រចាំថ្ងៃចំនួន ៧,៣៧៩នាក់ទៀតកាលពីថ្ងៃសុក្រសប្តាហ៍នេះ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីប្រទេសអឺរ៉ុបមួយនេះ បានដាក់ចេញនូវវិធានការបិទប្រទេស កាលពីខែមីនាមក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលបារាំង បូកបញ្ចូលករណីឆ្លងថ្មីខាងលើ អ្នកឆ្លង COVID-19 សរុបនៅទូទាំងប្រទេសបានកើនដល់ជាង ២៦៧,០០០នាក់ហើយ ខណៈអ្នកស្លាប់ក៏បានកើនដល់ជិត ៣០,៦០០នាក់ផងដែរ បន្ទាប់ពីអ្នកស្លាប់ថ្មីៗ ២០នាក់ត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រដូចគ្នា។ ចំណែកឯអ្នកជំងឺ ៨៦,១៧៧នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ហើយអ្នកជំងឺជាង ១៥០,៣០០នាក់កំពុងបន្តសម្រាកព្យាបាល។
ប្រទេសបារាំងបានដាក់ចេញនូវ វិធានការបិទប្រទេសយ៉ាងតឹងរឹង កាលពីខែមីនា ដែលប្រជាជនភាគច្រើន ត្រូវបានបង្ខាំងឲ្យសម្រាកនៅផ្ទះ ហើយវិធានការរឹតត្បិតនេះ ត្រូវបានដកចេញបណ្ដើរៗ ចាប់តាំងពីថ្ងៃទី១១ ខែឧសភាមកម្ល៉េះ បន្ទាប់ពីអត្រាឆ្លង COVID-19 បានធ្លាក់ចុះយ៉ាងខ្លាំង។
គួរបញ្ជាក់ថា អត្រាឆ្លងបានកើនឡើងវិញយ៉ាងរហ័ស បន្ទាប់ពីប្រទេសបារាំងសម្រេចចិត្ត បើកភោជនីយដ្ឋាន, សារមន្ទីរ, និងផ្សារទំនើបឡើងវិញ ដែលអត្រាឆ្លងនេះបានធ្វើឲ្យមាន ការព្រួយបារម្មណ៍យ៉ាងខ្លាំង ដោយខ្លាចក្រែងវាបង្ខំឲ្យរដ្ឋាភិបាលបារាំង ពិចារណាក្នុងដាក់ចេញនូវ វិធានការបិទប្រទេសសារជាថ្មីម្ដងទៀត។
រដ្ឋាភិបាលបារាំង បានធ្លាប់អះអាងថា កំពុងស្វែងរកមធ្យោបាយគ្រប់បែបយ៉ាងហើយ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនេះ ដោយចៀសវាងការបិទប្រទេសសារជាថ្មីម្ដងទៀត៕