(ប៉េកាំង)៖ សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការបង្កបញ្ហា និងភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយងាកមកដើរតួនាទី ប្រកបដោយលក្ខណៈស្ថាបនា ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព និងស្ថេរភាពក្នុងតំបន់វិញ។ នេះបើតាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសចិន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០។
ការលើកឡើងខាងលើរបស់លោក ចាវ លីចៀន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបទេសចិន ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ជាការឆ្លើយតបទៅនឹងសំនួរនានា ជុំវិញការអះអាងរបស់ក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ថា ចិនបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគជាច្រើនគ្រាប់ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ សហរដ្ឋអាមេរិកបានចាត់ទុកការធ្វើតេស្ដមីស៊ីលនេះ ជាសកម្មភាពគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។
យ៉ាងណាក៏ដោយជាការឆ្លើយតប លោក Zhao Lijian បានបញ្ជាក់ថា សកម្មភាពរបស់ចិននៅក្នុងដែនកោះ ផារ៉ាសែល (Paracel) នៃតំបន់សមុទ្រចិនខាងត្បូង គឺជាសកម្មភាពធម្មតាតែប៉ុណ្ណោះ ដោយគ្មានបំណង ឬគោលដៅទៅលើប្រទេសណាមួយឡើយ ហើយក៏គ្មានពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងនោះដែរ។ អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា សហរដ្ឋអាមេរិក តែងតែបញ្ជូននាវាច្បាំង យន្ដហោះចម្បាំង និងយន្ដហោះស៊ើបការណ៍ មកកាន់តំបន់សមុទ្រចិនខាងត្បូង ដើម្បីបង្អួតអំណាច, បង្កភាពតានតឹងផ្នែកយោធា, បំផ្លាញអធិបតេយ្យភាពរបស់ចិន និងផលប្រយោជន៍សន្តិសុខ រួមទាំងបទដ្ឋានទូទៅនៃការធ្វើនាវាចរ ក្នុងតំបន់សមុទ្រចិនខាងត្បូង៕