(ប៉ាស៊ីហ្វិក)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អ៉ីស្ពើ (Mark Esper) បានចោទប្រកាន់ចិនចំៗថា កំពុងធ្វើសកម្មភាពបង្កអស្ថេរភាព នៅក្នុងតំបន់ប៉ាស៊ីហ្វិក ខណៈមហាអំណាចទាំង ២ កំពុងបង្អួតសាច់ដុំដាក់គ្នានៅឯតំបន់ជម្លោះដែនទឹក ក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការដកស្រង់ផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០។
លោក Mark Esper ធ្វើការកត់សម្គាល់ខាងលើ កំឡុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសដែនកោះ Palau កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ លោករដ្ឋមន្ត្រីការពារជាតិ អាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ដើម្បីការពារប្រព័ន្ធអន្តរជាតិ ដែលកំពុងស្ថិតនៅក្រោមការគំរាមកំហែងពីចិន ដែលកំពុងធ្វើសកម្មភាព បង្កអស្ថរភាពនៅក្នុងតំបន់»។
ដំណើរទស្សនកិច្ចមកកាន់តំបន់ប៉ាស៊ីហ្វិក កើតមានឡើងចំពេលចិន និងសហរដ្ឋអាមេរិក កំពុងបង្អួតសាច់ដុំដាក់គ្នា នៅឯតំបន់ជម្លោះដែនទឹក ក្នុងតំបន់សមុទ្រចិនខាងត្បូង តាមរយៈការបង្កើនសកម្មភាពយោធា ព្រមទាំងសមយុទ្ធយោធាជាបន្តបន្ទាប់។ ជាក់ស្ដែងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ នាវាពិឃាដ បំពាក់មីស៊ីលអាមេរិក USS Mustin មួយគ្រឿង បានធ្វើដំណើរទៅក្បែរតំបន់ដែនទឹកជជម្លោះនៃកោះ Paracel តែមួយថ្ងៃប៉ុណ្ណោះ ក្រោយកងទ័ពចិន បាញ់សាកល្បងមីស៊ីលបាលិស្ទីគជាច្រើនគ្រាប់។
ទាំងចិន និងសហរដ្ឋអាមេរិកបានចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយពីថ្ងៃសុក្រ ទីក្រុងប៉េកាំងក៏បានចោទសហរដ្ឋអាមេរិកផងដែរថា បានបញ្ជូននាវាពិឃាដអាមេរិក ចូលមកក្នុងដែនទឹករបស់ខ្លួន ដោយគ្មានការអនុញ្ញាត និងថែមទាំងបានព្រមានឱ្យនាវាពិឃាដនេះ ចេញពីដែនទឹកចិនផងដែរ៕