(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានបំណងចុះហត្ថលេខាលើ កញ្ចប់ថវិកាជំនួយ «១.៣ទ្រីលានដុល្លារ» ដើម្បីប្រយុទ្ធប្រឆាំង និងដោះស្រាយវិបត្តិដែលបង្កឡើងដោយ COVID-19 ប៉ុន្តែត្រូវបានប្រធានសភាតំណាងរាស្ត្រ មកពីគណបក្សប្រជាធិបតេយ្យ គឺលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បដិសេធ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០។
កញ្ចប់ថវិកាថ្មីខាងលើដែលដាក់ជូនលោក ដូណាល់ ត្រាំ ដោយនាយអគ្គសេនាធិការសេតវិមាន លោក ម៉ាក មាដូវស៍ (Mark Meadows) បានបង្កើនទឹកប្រាក់ ៣០០ពាន់លានដុល្លារបន្ថែម ខណៈកញ្ចប់ថវិកាផ្ដួចផ្ដើមកាលពីពេលមុន ដែលត្រូវបានអនុម័តដោយសេតវិមាន និងព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ មានត្រឹមតែ ១ទ្រីលានដុល្លារប៉ុណ្ណោះ។
ក៏ប៉ុន្តែប៉ុន្មានម៉ោងក្រោយការប្រកាសរបស់លោក Mark Meadows ថាលោក ដូណាល់ ត្រាំ មានបំណងចុះហត្ថលេខាលើ កញ្ចប់ថវិកាជំនួយ ១.៣ទ្រីលានដុល្លារ ប្រធានសភាតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi បានបញ្ជាក់ថា កញ្ចប់ថវិកានេះមិនគ្រប់គ្រាន់ ដែលអាចបំពេញតាមការចង់បាន របស់ប្រជាជនអាមេរិកនោះទេ ដោយលោកស្រីស្នើឱ្យមានកញ្ចប់ថវិកា ២.២ទ្រីលានដុល្លារ ជាមួយក្ដីរំពឹងថា គណបក្សសាធារណរដ្ឋនឹងទទួលយកសំណើ ពីគណបក្សប្រជាធិបតេយ្យ ហើយបើកកិច្ចចរចាជាថ្មី។
គួរជម្រាបថា សភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ កាលពីខែឧសភាកន្លងទៅ បានអនុម័តកញ្ចប់ថវិកាជំនួយ ៣.៤ទ្រីលានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង និងដោះស្រាយវិបត្តិដែលបង្កឡើងដោយ COVID-19 ប៉ុន្តែត្រូវបានព្រឹទ្ធសភា គ្រប់គ្រងដោយគណបក្សសាធារណរដ្ឋបដិសេធ៕