(ការ៉ាកាស់)៖ មេបក្សប្រឆាំងវេណេស៊ុយអេឡាលោក ហ្ស៊ន ហ្គៃដូ (Juan Guaido) បាននិយាយថា លោកកំពុងទាមទារភាពទទួលខុសត្រូវ ពីសហរដ្ឋអាមេរិក ក្នុងការបន្តដាក់សម្ពាធទៅលើរដ្ឋាភិបាលលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បើទោះបីជានៅក្រោយពេល លោក ដូណាល់ ត្រាំ ចាញ់ ឬឈ្នះការបោះឆ្នោតក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០។
គិតចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងនោះ សម្ពាធទៅលើលោក នីកូឡាស់ ម៉ាឌូរ៉ូ ក៏បានកើនឡើងជាលំដាប់ដែរ ហើយមេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ្គៃដូ ក៏ត្រូវបានសហរដ្ឋអាមេរិក ទទួលស្គាល់យ៉ាងបើកចំហថា ជាប្រធានាធិបតីបណ្តោះអាសន្ន ឬស្តីទីរបស់វេណេស៊ុយអេឡាថែមទៀត។
ទោះជាយ៉ាងនេះក្តី បើតាមក្រុមអ្នកអង្កេតស្ថានការណ៍វេណេស៊ុយអេឡា បានឲ្យដឹងថា ទាំងលោក ម៉ាឌូរ៉ូ និងលោក ហ្គៃដូ សុទ្ធតែយល់ដឹងដូចគ្នា មិនថាគណបក្សប្រធានាធិបតី ឬក៏សាធារណរដ្ឋនោះទេ ដែលនឹងឈ្នះឆ្នោតនៅអាមេរិក ក្នុងខែវិច្ឆិកាខាងមុខនេះ ក៏នយោបាយសហរដ្ឋអាមេរិក ចំពោះរបបដឹកនាំទីក្រុងការ៉ាកាស់ នឹងគ្មានការប្រែប្រួលនោះឡើយ។
គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានបង្កើតយុទ្ធនាការ បែបបំផុសបំផុលមួយ ដោយបានប្រកាសទទួលស្គាល់មេបក្សប្រឆាំងលោក ហ្គៃដូ ជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា និងទាមទារឲ្យលោក នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីតំណែង ហើយរៀបចំការបោះឆ្នោតឡើងវិញ។ ក្រោយមកទៀតប្រទេសជាសម្ព័ន្ធអាមេរិកស្ទើរតែទាំងអស់ ជាពិសេសនៅតំបន់អាមេរិកឡាទីនសរុបជាង ៥០ប្រទេស បានប្រកាសដើរតាមពីក្រោយអាមេរិកដូចគ្នា៕