(ប៉េកាំង)៖ យានរុករកភពអង្គារ ធាវិន-១ (Tianwen-1) របស់ចិន ធ្វើដំណើរបាន ១០០លានគីឡូម៉ែត្រហើយ គិតត្រឹមម៉ោង ១០៖០០នាទីព្រឹក ថ្ងៃសុក្រនេះ។ នេះបើតាមរដ្ឋបាលអវកាសជាតិចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។
រដ្ឋបាលអវកាសជាតិចិនបានឱ្យដឹងទៀតថា បច្ចុប្បន្នយានស្រាវជ្រាវភពអង្គារ Tianwen-1 កំពុងស្ថិតនៅក្នុងស្ថានភាពធម្មតា រីឯឧបករណ៍វិទ្យាជាច្រើន ដែលផ្ទុកនៅលើយាននេះក៏បាន បញ្ចប់ការធ្វើស្វ័យត្រួតពិនិត្យរួចហើយដែរ។ Tianwen-1 ត្រូវបានបញ្ជូនទៅកាន់ទីអវកាស ដោយគ្រាប់រ៉ុក្កែត Long March-5 កាលពីថ្ងៃទី២៣ ខែកក្កដា។ យាននេះត្រូវបានគេរំពឹងថា នឹងធ្វើដំណើរក្នុងរយៈចំងាយ ៤៧០លានគីឡូម៉ែត្រ ដើម្បីទៅដល់ភពអង្គារ។
គួរជម្រាបថា យាន Tianwen-1 បានផ្តិតយករូបភាពមួយនៃផែនដី និងព្រះចន្ទ ព្រមទាំងបានដឹកនាំការកែតម្រូវគន្លងដំបូងរបស់វាផងដែរ។ ដោយគិតចាប់ពីម៉ោង ១០៖២០នាទីយប់ថ្ងៃទី១៩ ខែសីហា ឧបករណ៍វិទ្យាសាស្ត្រជាច្រើន ដែលផ្ទុកនៅលើយាននេះ ក្នុងនោះរួមមានទាំង ឧបករណ៍វាស់ដែនម៉ាញេទិចភពអង្គារ (Mars magnetometer), ឧបករណ៍វាស់សារធាតុរ៉ែភពអង្គារ (Mars mineralogy spectrometer) និងកាមេរ៉ាកម្រិតខ្ពស់ (high-resolution camera) បានបិទបញ្ចប់ស្វ័យត្រួតពិនិត្យរួចរាល់ហើយ៕