(អូស្លូ)៖ រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃសុក្រនេះ បានបណ្ដេញមន្ត្រីទូតន័រវែសម្នាក់​ចេញពីប្រទេសដោយចោទថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពស៊ើបការណ៍សំងាត់។ នេះបើតាមប្រភពពីក្រសួងការបរទេសន័រវែស ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសន័រវែស បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងការបរទេសរុស្ស៊ី បានជូនដំណឹងដល់ស្ថានទូតរបស់យើង ប្រចាំនៅទីក្រុងម៉ូស្គូថា មន្ត្រីទូតម្នាក់របស់យើងមិនត្រូវបានស្វាគមន៍ ឲ្យស្ថិតនៅក្នុងប្រទេសរុស្ស៊ីទៀតឡើយ។ នេះគឺជាការសម្រេចចិត្តដែលគ្មានមូលដ្ឋានទាំងស្រុង ដោយសារតែមន្ត្រីទូតរបស់យើង​មិនបានបំពានច្បាប់ណាមួយទេ»

គួរជម្រាបថា ការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ ត្រូវបានគេមើលឃើញថា ជាការសងសឹកទៅនឹងរដ្ឋាភិបាលន័រវែស ដែលបានបណ្ដេញមន្រ្តីទូតរុស្ស៊ីម្នាក់ចេញពីប្រទេស កាលពីដើមខែសីហានេះ ដោយចោទប្រកាន់ដូចគ្នាថា បានជាប់ពាក់ព័ន្ធនឹងសកម្មភាពស៊ើបការណ៍សម្ងាត់។ ទោះជាយ៉ាងណា រុស្ស៊ីបានបដិសេធ និងចាត់ទុកថា វាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន៕