(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បាននិយាយថា ការសម្រេចចិត្តលាលែងចេញពីតំណែង គឺដោយសារតែមិនចង់ឱ្យជំងឺរបស់លោក ជះឥទ្ធិពលអាក្រក់ដល់រដ្ឋាភិបាល និងបង្កកំហុសក្នុងការសម្រេចចិត្ត លើគោលនយោបាយសំខាន់ៗនានា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។
លោក អាបេ បានប្រកាសពីការលាលែងចេញពីតំណែង នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រនេះ ដោយក្នុងនោះលោកបានបកស្រាយ អំពីបញ្ហាសុខភាពរបស់លោក បន្ទាប់ពីបានចូលមន្ទីរពេទ្យដល់ទៅ ០២ដងកាលពីពេលថ្មីៗនេះ។ នាឱកាសនោះ លោកនាយករដ្ឋមន្ត្រីជប៉ុនវ័យ ៦៥ឆ្នាំរូបនេះក៏បានសូមអភ័យទោស និងថ្លែងអរគុណប្រជាជនជប៉ុនផងដែរ សម្រាប់ការគាំទ្រ និងផ្ដល់ទំនុកចិត្តលើរូបលោក។
លោក អាបេ ស៊ីនហ្សូ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំបានសម្រេចចិត្តថា នឹងលាលែងចេញពីតំណែង... ដោយសារតែខ្ញុំមានស្ថានភាពជំងឺដូចគ្នា ទៅនឹងកាលពីអាណត្តិទី១។ ខ្ញុំមិនអាចធ្វើជានាយករដ្ឋមន្ត្រីបានទេ បើខ្ញុំមិនអាចធ្វើការសម្រេចចិត្ត ដ៏ល្អបំផុតសម្រាប់ប្រជាជន»។
គួរជម្រាបថា នេះគឺជាលើកទី ២ ហើយក្នុងជីវិតលោក អាបេ ដែលលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយសារបញ្ហាសុខភាព ដោយកាលពីឆ្នាំ២០០៧ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះក៏ធ្លាប់បាន ប្រកាសលាលែងពីតំណែងផងដែរ ដោយសារជំងឺរលាកពោះវៀនធំ និងពោះវៀនតតូចធ្ងន់ធ្ងរ ក្រោយកាន់អំណាចបានមួយឆ្នាំ។
លោក អាបេ ស៊ីនហ្សូ បានចូលមន្ទីរពេទ្យចំនួនពីរដង ក្នុងរយៈពេលមួយសប្តាហ៍ ហើយក៏ធ្លាប់ត្រូវបានគេរាយការណ៍ដែរថា ក្អួតចេញឈាមតាមមាត់ នៅក្នុងបន្ទប់ការិយាល័យរបស់លោក កាលពីថ្ងៃទី០៦ ខែកក្កដា។ អាណត្តិជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី LDP នឹងត្រូវបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។
លោក អាបេ ស៊ីនហ្សូ បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុន នៅឆ្នាំ២០០៦ និងកាន់តំណែងនេះជាថ្មីម្ដងទៀតនៅឆ្នាំ២០១២ រហូតមកទល់នឹងបច្ចុប្បន្ន ដែលធ្វើឱ្យ លោកក្លាយជានាយករដ្ឋមន្ត្រី កាន់តំណែងយូរជាងគេបំផុត នៅក្នុងប្រទេសជប៉ុន។ ទោះជាយ៉ាណា ពេលវេលាជាក់លាក់ នៃការលាលែងចេញពីតំណែងរបស់លោក អាបេ មិនត្រូវបញ្ជាក់នោះឡើយ ហើយលោកក៏មិនបានលើកឈ្មោះនរណា ថាអាចនឹងត្រូវបន្តវេនពីលោកនោះដែរ៕