(វ៉ាស៊ីនតោន)៖ ក្រុមអ្នកតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ គ្រោងនឹងធ្វើការតវ៉ានៅតាមដងផ្លូវ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រោយបុរសស្បែកខ្មៅម្នាក់ រងការបាញ់ប្រហារសំណាក់មន្ត្រីប៉ូលិសស្បែកស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។
បាតុកររាប់ម៉ឺននាក់ ត្រូវបានគេរំពឹងថា នឹងដើរហែរក្បួន នៅតាមដងផ្លូវនៃទីក្រុងវ៉ាស៊ីនតោន ដើម្បីរំលឹកថ្ងៃសុន្ទរកជាប្រវត្តិសាស្រ្ត «ខ្ញុំមានក្តីសុបិន្ត» ឬ« I Have a Dream» របស់អតីតមេដឹកនាំសិទិ្ធមនុស្ស លោក Martin Luther King។ ខណៈបាតុកម្មតវ៉ាប្រឆាំងនឹងការស្លាប់របស់ George Floyd បានថមថយ ក៏មានការផ្ទុះឡើង វិញនៃការធ្វើបាតុកម្មនៅក្នុងទីក្រុង Kenosha ក្រោយវីដេអូមួយបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យកន្លងទៅ បង្ហាញថាបុរសស្បែកខ្មៅម្នាក់ឈ្មោះ ហ្សាខូប ប្លេក (Jacob Blake) ត្រូវបានប៉ូលិសស្បែកសម្នាក់ បាញ់ចំខ្នងជាច្រើនគ្រាប់ កំឡុងបុរសរូបនេះកំពុងព្យាយាមដើរចូលក្នុងរថយន្ដវិញ។
នៅចំពោះមុនបញ្ហាទាំងអស់នេះ មន្ត្រីរដ្ឋបាលរបស់លោក ត្រាំ បានធ្វើការវាយប្រហារទៅលើក្រុមបាតុករ ស្របពេលអនុប្រធានាធិបតីលោក Mike Pence កាលថ្ងៃពុធសប្តាហ៍នេះ បានច្រានចោលការចោទប្រកាន់ថា រដ្ឋបាលរបស់លោក គាំទ្រសកម្មភាពរើសអើងពូជសាសន៍របស់ប៉ូលិស និងបានថ្កោលទោសចំពោះ អំពើហិង្សា ព្រមទាំងភាពវឹកវរដែលកំពុងតែផ្ទុះឡើងនៅពាសពេញទីក្រុងនានា នៅទូទាំងប្រទេស៕