(សេអ៊ូល)៖ អ្នកនាង គីម យ៉ូចុង ដែលជាប្អូនស្រីរបស់​មេដឹកនាំកំពូឡកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថា បានអវត្តមាននៅក្នុងកិច្ចប្រជុំសំខាន់ៗជាច្រើន អស់រយៈពេលជាងមួយខែមកហើយ បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ នៃកូរ៉េខាងត្បូងអះអាងថា លោក គីម បានផ្ទេរអំណាចមួយចំនួនឱ្យអ្នកនាង ដែលកំពុងបង្កការសង្ស័យជាថ្មីថា អ្នកនាង គីម នឹងក្លាយជាអ្នកបន្តវេនពីបងប្រុស។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។

បើតាមសារព័ត៌មានកូរ៉េខាងត្បូង ចូសាន់ អ៉ីលបូ (Chosun Ilbo) អ្នកនាង គីម យ៉ូចុង ត្រូវបានគេឃើញជាលើកចុងក្រោយ កាលពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅ ជាមួយលោក គីម ជុងអ៊ុន នាឱកាសចូលរួមពិធីរំលឹកខួបទី ៦៧ នៃបទឈប់បាញ់សង្រ្គាមកូរ៉េ។ ការបាត់ខ្លួននេះបានបង្កឱ្យមានការសង្ស័យផ្សេងៗពីគ្នា ដោយខ្លះថាអ្នកនាង គីម មិនចង់ចេញមុខចេញមាត់ ដោយសារតែអ្នកនាងមិនចង់ឱ្យគេមើលឃើញ ឬយល់ថា អ្នកនាងគឺជាមនុស្សមានអំណាចធំទី ២ ឬក៏បងធំទី ២ នៅក្នុងប្រទេសកូរ៉េខាងជើងតែម្ដង។

ជុំវិញបញ្ហានេះដែរ លោកសាស្ត្រាចារ្យ ណាំ សាំងវូក (Nam Sung-wook) មកពីសាកលវិទ្យាល័យកូរ៉េ (Korea University) បានបង្ហាញការយល់ឃើញថា គំនិតសង្ស័យបែបនេះអាចទៅរួច។ លោក Nam បានគូសបញ្ជាក់ប្រាប់កាសែត Chosun Ilbo យ៉ាងដូច្នេះថា «កាលពីអតីតកាល អ្នកណាក៏ដោយឱ្យតែត្រូវបានគេចាត់ទុកថាជាបងធំទី ២ នៅកូរ៉េខាងជើង គឺតែងតែត្រូវបានគេដកចេញពីតំណែង ឬបោសសំអាត... ដូច្នេះចាំបាច់ត្រូវតែមានការថ្លឹងថ្លែងអំណាច បើទោះជាអ្នកនាង គីម យ៉ូចុង គឺជាសមាជិកគ្រួសាត្រកូលគីមក៏ដោយ»

គួរបញ្ជាក់ថា បើតាម Chosun Ilbo អ្នកនាង គីម យ៉ូចុង ក៏បានអវត្តមានផងដែរក្នុងកិច្ចប្រជុំមួយ នៃការិយាល័យនយោបាយដែលលោក គីម ជុងអ៊ុន បានថ្លែងសុន្ទរកថា ពាក់ព័ន្ធនឹង COVID-19 និងការចាត់វិធានការឆ្លើយតបទៅនឹងព្យុះទីហ្វុង ប៉ាវី (Bavi) កាលពីប៉ុន្មានថ្ងៃមុននេះ៕