(វ៉ាស៊ីនតោន)៖ នៅក្នុងសមាជគណបក្សសាធារណរដ្ឋថ្ងៃទី ៤ ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា (ពេលវេលានៅវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រមទទួលយក ការតែងតាំងធ្វើបេក្ខជនប្រធានាធិបតីរបស់បក្សនេះ ដើម្បីតតាំងជាមួយលោក ចូ បៃដិន ជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។
ការប្រកាសទទួលយករបស់លោក ដូណាល់ ត្រាំ ខាងលើនេះ បានធ្វើឡើងក្រោយពីអង្គសមាជនៃគណបក្សសាធារណរដ្ឋ បានសម្រេចតែងតាំងរូបលោក ជាបេក្ខជនប្រធានាធិបតីរបស់បក្ស កាលពីថ្ងៃទី២៥ ខែសីហា (ពេលវេលានៅអាមេរិក)។ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងទឹកចិត្តពោពេញដោយការដឹងគុណ និងសុទិដ្ឋិនិយមដែលគ្មានព្រំដែន ខ្ញុំពិតជាមានមោទនភាពក្នុងការទទួលយក ការតែងតាំងនេះ ដើម្បីឈានទៅចាប់យកតំណែង ជាប្រធានាធិបតីអាមេរិកបន្តទៀត»។
គួរបញ្ជាក់ថា សមាជបក្សសាធារណរដ្ឋ ត្រូវបានធ្វើឡើងរយៈពេល ០៤ថ្ងៃ គិតចាប់តាំងពីថ្ងៃចន្ទ រហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងទីក្រុង ឆាឡុត (Charlotte) នៃរដ្ឋណតស៍ខារ៉ូលីណា (North Carolina)។ នៅក្នុងសមាជបក្សថ្ងៃដំបូង លោក ដូណាល់ ត្រាំ នៅតែអះអាងដោយមិនមានភស្ដុតាង មកបញ្ជាក់ដដែលថា ការបោះឆ្នោតតាមប្រអប់សំបុត្រប្រៃសនីយ៍ នឹងនាំទៅរកការបន្លំសន្លឹកឆ្នោត។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «វិធីតែមួយគត់ ដែលពួកគេអាចយកឈ្នះយើងបាន នោះគឺការក្លែងបន្លំសន្លឹកឆ្នោត... ប៉ុន្តែយើងនឹងទទួលបានជ័យជម្នះ»៕