(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានចេញមុខថ្កោលទោសចំៗថា ការបាញ់សាកល្បងមីស៊ីលបាលីស្ទីគ (អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) របស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង គឺជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ខណៈការព្រួយបារម្ភមានកាន់តែខ្លាំងឡើងៗ ពីលទ្ធភាពនៃការផ្ទុះជម្លោះយោធា រវាងមហាអំណាចទាំងពីរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងទីក្រុងវ៉ាស៊ីនតោន) មន្ទីរបញ្ចកោណបានឱ្យដឹងទៀតថា ចិនបានបាញ់សាកល្បងមីស៊ីលចំនួន ០៤គ្រាប់ នៅក្បែរតំបន់ទីប្រជុំកោះបារ៉ាសែល (Paracel) ហើយនេះជាទង្វើបំពាន លើការប្ដេជ្ញាចិត្តរបស់ទីក្រុងប៉េកាំង កាលពី២០០២ ក្នុងការបញ្ជៀសរាល់សកម្មភាពបង្ករឿង។
មន្ទីរបញ្ចកោណអាមេរិកមិនបានបញ្ជាក់ អំពីប្រភេទមីស៊ីលទាំងខាងលើនេះឡើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា កងទ័ពរំដោះប្រជាជនចិន PLA បានបាញ់សាកល្បងមីស៊ីលពីរគ្រាប់គឺ DF-26B និង DF-21D ដែលសុទ្ធសឹងជាមីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ត្រូវបានគេជឿជាក់ថា មានសមត្ថភាពអាចបាញ់ពន្លិច នាវាចម្បាំងផ្ទុកយន្ដហោះអាមេរិក។
គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលបាលីស្ទីគរបស់ចិន ធ្វើឡើងកាលពីថ្ងៃពុធកន្លងទៅ ពោលគឺតែមួយថ្ងៃប៉ុណ្ណោះ ក្រោយចិនចោទថា យន្ដហោះស៊ើបការណ៍អាមេរិក U-2 មួយគ្រឿងបានហោះចូលក្នុងតំបន់គ្មានការហោះហើរ ដើម្បីតាមដានការធ្វើសមយុទ្ធយោធារបស់ខ្លួន នៅក្នុងតំបន់សមុទ្រ ប៉ូហៃ (Bohai)។ នៅក្នុងថ្ងៃដដែលនោះដែរ សហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ទណ្ឌកម្ម លើក្រុមហ៊ុនចិនចំនួន២៤ និងបុគ្គលជាច្រើនរូប ដែលត្រូវបានចោទថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពយោធាចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង៕