(អាមេរិក)៖ មនុស្សយ៉ាងហោច ០៤នាក់បានស្លាប់នៅក្នុងរដ្ឋ ល្វីស្យាណា (Louisiana) ដោយសារដើមឈើរលំសង្កត់ បង្កឡើងដោយខ្យល់ហ្វុះហឺរិខិនឡូរ៉ា (Hurricane Laura) ជាព្យុះដ៏កំណាចបំផុតមួយ ដែលវាយប្រហារលើរដ្ឋភាគខាងត្បូងអាមេរិកមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។
ព្យុះហឺរិខិន ឡូរ៉ា បានវាយប្រហារតំបន់ឆ្នេរនៃរដ្ឋ Louisiana នៅព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ក្រោមឥទ្ធិពលព្យុះប្រភេទទី៤ ជាមួយកម្លាំងខ្យល់បក់ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ បច្ចុប្បន្នព្យុះមួយនេះ កំពុងបំប្លែងខ្លួនទៅជាព្យុះត្រូពិច ហើយបន្តដំណើរទៅកាន់រដ្ឋ អាកាន់សាស់ (Arkansas)។
ទោះជាបែបនេះក្ដី ការបំផ្លិចបំផ្លាញនៅមានកម្រិតស្រាលជាងការរំពឹងទុក ខណៈអាជ្ញាធរកំពុងបន្តស្វែងរកជនរងគ្រោះបន្ថែម និងស្ដារថាមពលអគ្គិសនីឡើងវិញ ព្រមទាំងផ្ដល់ជំនួយនានាដល់ប្រជាជនរងផលប៉ះពាល់៕