(សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានថ្លែងថា ផលប៉ះពាល់របស់កូរ៉េខាងជើង បង្កឡើងដោយព្យុះទីហ្វុងប៉ាវី (Bavi) គឺមានតិចតួចប៉ុណ្ណោះ ខណៈលោកទើបទៅបំពេញទស្សនកិច្ច នៅតំបន់រងគ្រោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។
លោក គីម ជុងអ៊ុន បានបំពេញទស្សនកិច្ចនៅកាន់ខេត្ត វ៉ាងហេខាងត្បូង (South Hwanghae) ស្ថិតនៅភាគនិរតីនៃទីក្រុងព្យុងយ៉ាង ជាទីដែលព្យុះទីហ្វុង Bavi បានបោកបក់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ និងបានបង្កឲ្យមានបំណាក់ដី, ភ្លៀងធ្លាក់យ៉ាងជោគជាំ និងដើមឈើជាច្រើនដួលរលំ។
លោក គីម ជុងអ៊ុន ក៏បានកោតសរសើរផងដែរ ចំពោះមន្ត្រីគណបក្សពលករកូរ៉េ ដែលបានចុះទៅជួយសង្គ្រោះទាន់ពេលវេលា ទើបចំនួនមនុស្សស្លាប់ និងរងរបួសត្រូវបានកាត់បន្ថយ (មិនបញ្ជាក់ចំនួនច្បាស់លាស់) ខណៈចំការដំណាំ និងលំនៅឋានប្រជាជន ត្រូវបានយកចិត្តទុកដាក់សង្គ្រោះ និងការពារខ្លាំងជាងគេ។
គួរបញ្ជាក់ថា កាលពីដើមខែសីហានេះ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCTV ក៏បានចេញផ្សាយផងដែរនូវខ្សែវីដេអូ អំពីស្ថានភាពគ្រោះទឹកជំនន់ នៅភាគខាងលិចប្រទេសកូរ៉េខាងជើង ដែលបានបង្កការខូចខាតធ្ងន់ធ្ងរ ដល់ផលដំណាំរបស់ប្រជាជន ខណៈអ្នកតាមដានស្ថានការណ៍កូរ៉េខាងជើង កំពុងមានការព្រួយបារម្ភថា គ្រោះអត់ឃ្លានអាចនឹងកើតមានឡើង នៅក្នុងប្រទេសដ៏ឯកោមួយនេះ ក្រោយព្យុះទីហ្វុង Bavi បានវាយប្រហារបន្ថែមទៀត៕