(ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំងលោក Jean Castex បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលបារាំងនឹងតម្រូវឲ្យប្រជាជនបារាំងនៅទូទាំងទីក្រុងប៉ារីស ពាក់ម៉ាសជាកំហិតដើម្បីទប់ស្កាត់ការឆ្លងរីករាយលដាលនៃជំងឺ COVID-19 ដោយថែមទាំងព្រមានថា ការឆ្លងរាលដាលអាចនឹងគ្រប់គ្រងលែងបានទេ ប្រសិនបើសកម្មភាពមិនត្រូវបានអនុវត្តភ្លាមៗទេនោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០។
លោក Castex បានថ្លែងក្នុងសន្និសីតសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះ ដែលអមដោយវត្តមានរដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្រ្តីអប់រំបារាំងផងដែរនោះ យ៉ាងដូច្នេះថា «វីរុស (COVID-19) នៅតែកំពុងមានការឆ្លងរាលដាលពាសពេញប្រទេស។ ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ អាចនឹងក្លាយទៅជាអាក្រក់ខ្លាំងក្លាជាថ្មីម្តងទៀត ប្រសិនបើយើងមិនប្រតិកម្មឲ្យរហ័សទេនោះ»។
កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅនេះ អាជ្ញាធរបារាំង ក៏បានដាក់ចេញនូវបទបញ្ជាមួយ ដែលតម្រូវឲ្យប្រជាជនបារាំងទាំងអស់ពាក់ម៉ាស នៅតាមទីសាធារណៈដែលបិទជិត ដូចជានៅតាមហាងនានា និងធនាគារជាដើមផងដែរ។ ប៉ុន្តែនៅដើមខែសីហានេះ វាបានក្លាយជាបទបញ្ជា ដែលតម្រូវឲ្យពាក់ម៉ាសនៅតាមទីធ្លាសាធារណៈមួយចំនួន ក្នុងទីក្រុងប៉ារីស ដែលមានមនុស្សម្នាកកកុញច្រើន ឬជាតំបន់ទេសចរណ៍។
គួរជម្រាបថា ការសម្រេចដាក់កំហិតពាក់ម៉ាសជាកាតព្វកិច្ចនៅគ្រប់ទីកន្លែងតែម្តង ក្នុងទីក្រុងប៉ារីសនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការកើនឡើងនៃករណីឆ្លង COVID-19 យ៉ាងគួរឲ្យបារម្ភ នារយៈពេលចុងក្រោយនេះ ខណៈមនុស្សម្នាហាក់បានព្រងើយកន្តើយ មិនអនុវត្តវិធានការបង្ការ។ បច្ចុប្បន្ន បារាំងមានអ្នកឆ្លងសរុបជាង ២៥ម៉ឺននាក់ ក្នុងស្លាប់ជាង ៣ម៉ឺននាក់ និងជាសះស្បើយជាង ៨.៥ម៉ឺននាក់៕