Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UN៖ កុមារ ៤៦៣លាននាក់ នៅទូទាំងពិភពលោក គ្មានលទ្ធភាពរៀនតាមប្រព័ន្ធអនឡាញ

27-08-2020 17:44

(ញូយ៉ក)៖ ការសិក្សាថ្មីមួយរបស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ បានឲ្យដឹងថា ដោយសារការបិទសាលារៀន ដើម្បីប្រយុទ្ធប្រឆាំង ការឆ្លងរីករាលដាលនៃ COVID-19 បានធ្វើឱ្យមួយភាគបីនៃសិស្សសាលា ដែលរងផលប៉ះពាល់ទូទាំងពិភពលោក កំពុងខ្វះលទ្ធភាពក្នុងការទទួលបាននូវការសិក្សាពីចំងាយ ឬតាមអនឡាញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០។

នាយកប្រតិបត្តិមូលនិធិកុមារ របស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា UNICEF លោកស្រី Henrirtta Fore បានគូសបញ្ជាក់ថា អ្វីដែលជាការព្រួយបារម្ភនោះ គឺកុមារដែល មានជីវភាពក្រីក្រ អាចនឹងរងផលប៉ះពាល់ខ្លាំងជាងគេ។ បើតាមរបាយការណ៍របស់យូនីសែហ្វ (UNICEF) កុមារសរុបប្រមាណ ៤៦៣លាននាក់ មិនមានលទ្ធភាព ឬសម្ភារៈ គ្រប់គ្រាន់ ដើម្បីបន្តការសិក្សាពីចំងាយនេះ។

គួរបញ្ជាក់ថា របាយការណ៍របស់ UNICEF ក៏បានឲ្យដឹងដែរថា កុមារប្រមាណ ១.៥ពាន់លាននាក់នៅទូទាំងពិភពលោក បានរងផលប៉ះពាល់ និងខកខានការសិក្សា ដោយសារការបិទសាលារៀន បង្កឡើងដោយសារការរីករាលដាលនៃ COVID-19៕