(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ នេះបាននិយាយថា ហានិភ័យនៃការផ្ទុះជម្លោះកំពុងតែកើនឡើង ដោយសារភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងនៅជុំវិញកោះតៃវ៉ាន់ ដូច្នេះហើយភាគីទាំងអស់ ត្រូវតែរក្សាទំនាក់ទំនងជាមួយគ្នាឲ្យបានល្អ ដើម្បីកាត់បន្ថយហានិភ័យ នៃការផ្ទុះជម្លោះជាយថាហេតុ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA។
ជុំវិញបញ្ហាខាងលើនេះ លោកស្រី Tsai បានគូសបញ្ជាក់នៅក្នុងវេទិកាមួយ ដែលត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្រ្ដអូស្រ្តាលីថា «ហានិភ័យនៃការផ្ទុះជម្លោះនេះ គឺទាមទារឲ្យមានការគ្រប់គ្រង ប្រកបដោយការប្រុងប្រយ័ត្ន ពីភាគីពាក់ពន្ធទាំងអស់។ យើងសង្ឃឹមថា ទីក្រុងប៉េកាំងនឹងបន្តអនុវត្ត ប្រកបដោយការអត់ធ្មត់ ស្របតាមកាត្វពកិច្ចដែលខ្លួនមាន ក្នុងនាមជាប្រទេសមហាអំណាចក្នុងតំបន់»។
គួរបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាផ្លូវការនៅដើមឆ្នាំ២០១៧ ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកក៏ត្រូវបានគេមើលឃើញថា បានស្ថិតក្នុងចំណុចអាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ដោយសារសង្គ្រាមពាណិជ្ជកម្ម, ជម្លោះការទូត, ការបង្កើនសាច់ដុំយោធារវាងអាមេរិក និងចិន ព្រមទាំងបញ្ហាវីរុសកូរ៉ូណាផងដែរ៕