(បាងកក)៖ ក្រុមអ្នកប្រើប្រាស់ Facebook ប្រមាណកន្លះលាននាក់ បានប្រមូលផ្តុំគ្នាចូលរួមក្នុងគ្រុបថ្មីមួយ (Group) ដែលត្រូវបានបង្កើតឡើង ដោយ ក្រុមអ្នករិះគន់ព្រះមហាក្សត្រថៃ បន្ទាប់ពី Group ចាស់របស់ពួគេ ដែលមានសមាជិកជិត ១លាននាក់ ត្រូវបានបិទចោល ដោយក្រុមហ៊ុនផ្ទាល់ក្រោមសម្ពាធពី រដ្ឋាភិបាលថៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។
កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមហ៊ុន Facebook បានសម្រេចចិត្តបិទក្រុមជជែកពិភាក្សាមួយ (Group) មានឈ្មោះជាភាសាអង់គ្លេសថា «Royalist Marketplace» ក្រោយរដ្ឋាភិបាលថៃ គំរាមចាត់វិធានការតាមផ្លូវច្បាប់ បើសិនជា Facebook បរាជ័យ ឬក៏មិនចាត់វិធានការបិទ ក៏ដូចជាលុបចោលរាល់មាតិការទាំងឡាយណា ដែលប្រមាថដល់ព្រះមហាក្សត្រថៃទេនោះ។
បន្ទាប់ពីក្រុមជជែកពិភាក្សាខាងលើ ត្រូវបានបិទ មិនបានប៉ុន្មានម៉ោងផង លោក Pavin Chachavalpongpun ដែលត្រូវបានគេស្គាល់ថាជាអ្នករិះគន់ របបរាជានិយមរបស់ថៃដ៏ល្បីល្បាញម្នាក់ បានបង្កើតក្រុមថ្មីមួយទៀត ដែលមានឈ្មោះស្រដៀងគ្នា ដោយទទួលបានសមាជិកជាងកន្លះលាននាក់ ក្នុងរយៈពេល ត្រឹមមួយថ្ងៃ។ សកម្មជនដែលកំពុងរស់នៅជប៉ុនរូបនេះ បានប្រាប់ទីភ្នាក់ងារ Reuters យ៉ាងដូច្នេះថា៖ «ប្រសិនបើអ្នកចង់បិទវាម្តងទៀត ខ្ញុំនឹងបង្កើតក្រុមថ្មី មួយទៀត...ដើម្បីលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ ខ្ញុំនឹងធ្វើវាភ្លាម»។
គួរជម្រាបថា ទាក់ទិននឹងរឿងបិទ Group ខាងលើនេះដែរ ក្រុមហ៊ុន Facebook នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ខ្លួនគ្រោងនឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីតតាំងនឹងរដ្ឋាភិបាលថៃវិញ។ តែទោះជាយ៉ាងណា ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះ មិនបានបញ្ជាក់លម្អិត អំពីវិធានការផ្លូវច្បាប់ដែល ត្រូវនឹងត្រូវចាត់ការនោះទេ។ ការប្រមាថព្រះមហាក្សត្រថៃគឺជាទោសឧក្រិដ្ឋធ្ងន់ធ្ងរ ដែលប្រឈមមុខនឹងជាប់ពន្ធនាគាររាប់សិបឆ្នាំ៕