(ញូដេលី)៖ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ អគារស្នាក់នៅមួយខ្នងកម្ពស់ ០៥ជាន់ បានដួលរលំនៅក្បែរទីក្រុង ម៉ុមបៃ (Mumbai) ភាគខាងត្បូងប្រទេសឥណ្ឌា ហើយមកទល់ពេលនេះមនុស្សជាង ៦០នាក់ត្រូវបានជួយសង្រ្គោះ ចេញពីគំនរអគារ ខណៈមនុស្ស ០២នាក់បានស្លាប់ និងជាច្រើននាក់ទៀត ត្រូវគេជឿថា នៅបន្តជាប់ក្រោមគំនរអគារ ហើយប្រតិបត្តិការរុករក និងជួយសង្រ្គោះកំពុងតែបន្តប្រព្រឹត្តទៅ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។

អគារខាងលើស្ថិតនៅស្រុក រ៉ៃហ្គេដ (Raigad) រដ្ឋម៉ាណារ៉ាស្ត្រា (Maharashtra) ភាគខាងលិចប្រទេសឥណ្ឌា។ ជាធម្មតាអគារនោះមានមនុស្សស្នាក់នៅ ២០០នាក់។ សម្រាប់មូលហេតុនៃការដួលរលំ គឺមិនទាន់ត្រូវបានគេដឹងច្បាស់ឡើយទេ។ ប៉ុន្តែហេតុការណ៍ស្រុតសំណង់អគារនៅឥណ្ឌា គឺជារឿងដែលបានកើតមានឡើងជាញឹកញាប់បំផុត ជាពិសេសអំឡុងរដូវភ្លៀងនេះតែម្តង។

គួរជម្រាបថា បើតាមទិន្នន័យពីអាជ្ញាធរឥណ្ឌាផ្ទាល់ មនុស្សច្រើនជាង ១,២០០នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់បាក់រលំសំណង់អគារសរុបដល់ទៅ ១,១៦១ករណី ដែលបានកើតមានឡើង នៅទូទាំងប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៧៕