(ឡុងដ៍)៖ មេបញ្ជាការយោធាកំពូលៗនៅក្នុងចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើគំនិតបោះបង់ចោល រថក្រោះទាំងអស់នៅក្នុងប្រទេស ដើម្បីឆ្ពោះទៅរកការធ្វើទំនើបកម្មសព្វាវុធ និងយោធារបស់ខ្លួន។ នេះបើតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយនៅអង់គ្លេស ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។
សារព័ត៌មានអង់គ្លេស The Times ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអង់គ្លេស ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដែលបានអះអាងថា មេបញ្ជាការកំពូលៗនៃយោធាបស់ខ្លួន កំពុងមានមន្ទិលសង្ស័យ ពីការប្រើប្រាស់កងកម្លាំងរថក្រោះ ខណៈសមភូមិប្រយុទ្ធនៅក្នុងសតវត្សរ៍ទី ២១ នេះត្រូវបានគេរំពឹងថា នឹងផ្ដោតជាសំខាន់លើការប្រយុទ្ធគា្ននៅក្នុងទីក្រុង ដែលមិនសក្តិសមទៅនឹងការប្រើប្រាស់ កងកម្លាំងរថក្រោះក្នុងសមរភូមិបែបនេះទេ។ សមរភូមិនៅក្នុងទីក្រុង គឺពឹងទៅលើសមត្ថភាពធ្វើសង្រ្គាមតាមផ្លូវអាកាស និងប្រព័ន្ធបច្ចេកវិទ្យាអ៉ិនធើណិត បូករួមជាមួយបច្ចេកវិទ្យានៅទីអវកាស និងព័ត៌មានសម្រាប់ធ្វើប្រតិបត្តិការជាដើម។
គួរជម្រាបថា បច្ចុប្បន្នអង់គ្លេសមានរថក្រោះម៉ាក ឆាឡេងជើ ២ (Challenger 2) សរុបចំនួន ២២៧គ្រឿង និងរថពាសដែក ៣៨៨គ្រឿង។ បើនិយាយពីចំនួនរថក្រោះនេះ គឺអង់គ្លេសមានតិចជាងប្រទេស មួយចំនួនដូចជា រុស្ស៊ី ដែលមានរថក្រោះ ១២,៩៥០គ្រឿង, សហរដ្ឋអាមេរិក ៦,៣៣៣គ្រឿង និងចិន ៥,៨០០គ្រឿង៕