(ប៉ារីស)៖ ក្រុមហ៊ុន Facebook នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ខ្លួនបានយល់ព្រមបង់ប្រាក់ពន្ធចំនួនជាង១០០លានអឺរ៉ូ (ជាង១២០លានដុល្លារ) ឲ្យទៅអាជ្ញាធរបារាំង ក្នុងនោះគឺគិតបញ្ចូលទាំងថ្លៃពិន័យផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃ ចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។
បារាំងដែលកំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជំរុញឲ្យធ្វើកំណែទម្រង់ច្បាប់ពន្ធអន្តរជាតិ សម្រាប់ក្រុមហ៊ុនឌីជីថលលំដាប់ថ្នាក់ពិភពលោក ដូចជា Google, Apple, Amazon និង Facebook ធ្លាប់បានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងអស់នេះបង់ថ្លៃពន្ធតិចតួចខ្លាំងណាស់ នៅក្នុងប្រទេសបារាំង ជាទីដែលពួកគេរកចំណូលបានយ៉ាងក្រាស់ក្រែល។
គួរជម្រាបថា យោងតាមអ្នកនាំពាក្យម្នាក់របស់ Facebook អាជ្ញាធរពន្ធដាររបស់បារាំង បានធ្វើការស៉ើបអង្កេតលើកំណត់ត្រាគណនេយ្យរបស់ Facebook នៅចន្លោះឆ្នាំ២០០៩-២០១៨ ហើយជាលទ្ធផល ខាង Facebook ប្រចាំនៅប្រទេសបារាំង ក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយអាជ្ញាធរបារាំង ស្តីពីការបង់ប្រាក់ពន្ធសរុបទំហំ១០៦លានអឺរ៉ូ ឬស្មើនឹងជាង១២៥លានដុល្លារសហរដ្ឋអាមេរិក៕