(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ របស់រដ្ឋាភិបាលសហព័ន្ធ ទៅដល់រដ្ឋល្វីស្យាណា (Louisiana) ហើយ ខណៈរដ្ឋភាគខាងត្បូងអាមេរិកមួយនេះ បាននិងកំពុងប្រឈមមុខ ការវាយប្រហារដោយព្យុះកំណាចហឺរីខិន រហូតដល់ទៅពីរឯណោះ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។
ព្យុះកំណាច ឡូរ៉ា (Laura) និងម៉ាកូ (Marco) នឹងបោកបក់លើរដ្ឋ Louisiana ក្រោយពីវាបានបង្កវិនាសកម្មនៅកោះភើតូរីកូ (Puerto Rico) កាលពីថ្ងៃសៅរ៍សប្តាហ៍មុន (ពេលវេលានៅអាមេរិក) តាមរយៈភ្លៀងធ្លាក់យ៉ាងដំណំ និងខ្យល់បោកបក់យ៉ាងសន្ធប់ បង្កទៅជាគ្រោះទឹកជំនន់ និងរអិលបាក់ដី បង្ខំឲ្យមនុស្សរាប់ពាន់នាក់ ត្រូវជម្លៀសខ្លួនទៅរកទីទួលសុវត្ថិភាព។
ដោយឡែកនៅប្រទេសហៃទីវិញ ព្យុះកំណាច Laura បានបោកបក់កាលពីចុងសប្តាហ៍មុននេះ ដោយបានផ្តាច់ជីវិតមនុស្ស ០៥នាក់ ខណៈនៅសាធារណរដ្ឋដូមីនិកវិញ ព្យុះនេះបានផ្តាច់ជីវិតមនុស្ស ០៣នាក់ និងបង្កឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើនទៀត។
គួរបញ្ជាក់ថា សម្រាប់រដ្ឋ Louisia របស់សហរដ្ឋអាមេរិក ដែលស្ថិតនៅចំមុខព្រួញ នៃព្យុះកំណាចទាំងពីរខាងលើនេះ នឹងត្រូវព្យុះបោកបក់ នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះហើយ (ពេលវេលានៅអាមេរិក) ខណៈមានការព្យាករណ៍ថា ការខូចខាតទ្រង់ទ្រាយធំនឹងអាចកើតមាន ហេតុដូច្នេះទើបជំនួយសង្គ្រោះបន្ទាន់ត្រូវបានអនុម័ត ដើម្បីឲ្យក្រុមសង្គ្រោះ អាចចាត់វិធានការទប់ស្កាត់ជាមុន ឲ្យបានទាន់ពេលវេលា៕