(តេហេរ៉ង់)៖ អង្គការអាកាសចរណ៍ស៊ីវិលអ៉ីរ៉ង់ នៅថ្ងៃអាទិត្យនេះបាននិយាយថា បើតាមការវិភាគលើប្រអប់ខ្មៅរបស់យន្តហោះអ៊ុយក្រែន ដែលកងកម្លាំងឆ្មាំបដិវត្តន៍របស់ខ្លួនបានច្រឡំបាញ់ទម្លាក់ កាលពីខែមករាកន្លងទៅនេះ បានបង្ហាញថាយន្តហោះនោះ វាត្រូវបានវាយប្រហារដោយមីស៊ីលចំនួន ២គ្រាប់ ខណៈអ្នកដំណើរនៅលើយន្តហោះទាំងអស់ នៅមានជីវិតនៅឡើយទេ បន្ទាប់ពីត្រូវាបានវាយប្រហារនៅគ្រាប់ទី១។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។
តាមរយៈសេចក្តីថ្លែងការរបស់ខ្លួននៅថ្ងៃអាទិត្យនេះ អង្គការអាកាសចរណ៍ស៊ីវិលអ៉ីរ៉ង់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «១៩វិនាទី បន្ទាប់ពីមីស៊ីលទី១ បានវាយប្រហារយន្តហោះ សំលេងរបស់ពីឡុតនៅក្នុងការប៊ីន បានបង្ហាញថាអ្នកដំណើរទាំងអស់នៅរស់រានមានជីវិតនៅឡើយទេ...២៥វិនាទីក្រោយ មីស៊ីលគ្រាប់ទី២ បានវាយប្រហារយន្តហោះ»។
សេចក្តីប្រកាសរបស់ អង្គការអាកាសចរណ៍ស៊ីវិលអ៉ីរ៉ង់ខាងលើនេះ គឺជារបាយការណ៍ផ្លូវការដំបូងបំផុត ស្តីអំពីខ្លឹមសារនៃខ្សែអាត់សំលេង និងទិន្នន័យដែលបានកត់ត្រានៅក្នុងការប៊ីនយន្តហោះចេញពីប្រអប់ខ្មៅ ដែលត្រូវបានបញ្ជូនទៅប្រទេសបារាំងដើម្បីធ្វើការវិភាគ កាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។
គួរបញ្ជាក់ថា ប្រទេសអ៉ីរ៉ង់បានទទួលស្គាល់ថា កងកម្លាំងឆ្មាំការពារបដិវត្តន៍របស់ខ្លួន បានច្រឡំបាញ់ទម្លាក់យន្តហោះមួយគ្រឿង នៃអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលមានជើងហោះហើរ PS752 កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នៅពេលដែលស្ថានការណ៍រវាងអ៉ីរ៉ង់ និងអាមេរិក ឈានទៅដល់ចំណុចជិតផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ។ ករណីធ្លាក់នេះ បានធ្វើឲ្យមនុស្សសរុប ១៧៥នាក់ស្លាប់ ក្នុងនោះ ៥៥នាក់ជាជនជាតិកាណាដា៕