(សេអ៊ូល)៖ វិធានការរឹតត្បិតរក្សាគម្លាតសុវត្ថិភាពនៅទូទាំងប្រទេសកូរ៉េខាងត្បូង បានចូលជាធរមានហើយ នៅថ្ងៃអាទិត្យនេះ ខណៈក្រុមមន្ត្រីសុខាភិបាលព្រមានពីការ ឆ្លងរាតត្បាតជាថ្មីឡើងវិញ យ៉ាងឆាប់រហ័សនៃ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ចាប់ពីថ្ងៃអាទិត្យនេះតទៅ ការរឹតត្បិត នឹងត្រូវអនុវត្តលើការប្រមូលផ្ដុំទ្រង់ទ្រាយ ដូចជាការប្រតិបត្តិសាសនា ហើយក្លឹបរាត្រី, បារខារ៉ាអូខេ, កាហ្វេអ៉ីនធើណិត និងតំបន់ឆ្នេរក៏ត្រូវបានបិទជាបណ្ដោះអាសន្នផងដែរ។ វិធានការរឹតត្បិតទាំងនេះ ដំបូងឡើយអនុវត្តលើរដ្ឋធានីសេអ៊ូលតែប៉ុណ្ណោះ ប៉ុន្តែ ត្រូវពង្រីកវិសាលភាពទូទំាងប្រទេស ក្រោយករណីឆ្លង COVID-19 កើនឡើងជាថ្មី។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះដែរ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានរាយការណ៍ពីការរកឃើញ COVID-19 ៣៩៧ករណីថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែល ជាកម្រិតឆ្លងខ្ពស់បំផុតមួយមិនធ្លាប់មានចាប់តាំងពីខែមីនាមក។ បូកបន្ថែមករណីឆ្លងថ្មីៗទាំងនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកូរ៉េខាងត្បូង កើនដល់ ១៧,៣៩៩នាក់ ក្នុងនោះស្លាប់ ៣០៩នាក់៕