(វ៉ាស៊ីនតោន)៖ បងស្រីបង្កើតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោកស្រី Maryanne Trump Barry បានហៅប្អូនប្រុសខ្លួនឯងរូបនេះថាជាមនុស្ស ឃោរឃៅ និងពូកែកុហក ព្រមទាំងគ្មានគោលការណ៍ ដែលមិនគួរឱ្យជឿទុកចិត្តទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។
លោកស្រី Maryanne Trump Barry ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងខ្សែអាត់សំឡេងសំងាត់មួយ ដែលកាសែតអាមេរិក Washington Post ទទួលបាន។ លោកស្រី បានលើកឡើងដូច្នេះថា៖ «អ្វីទាំងអស់ដែលគាត់ (លោក ត្រាំ) ចង់ធ្វើ គឺធ្វើទៅតាមទំនើងចិត្តរបស់គាត់។ គាត់ជាមនុស្សគ្មានគោលការណ៍... ឃោរឃៅ និងពូកែកុហក»។ នៅក្នុងខ្សែអាត់សំឡេងសំងាត់នេះ លោកស្រី Maryanne ក៏បានរិះគន់លោក ត្រាំ ផងដែរ ជុំវិញគោលនយោបាយអន្តោប្រវេសន៍របស់លោក ដែលត្រូវបានគេមើលឃើញ ថាធ្វើឱ្យកុមារត្រូវបំបែកចេញពីម្ដាយឪពុករបស់ពួកគេ នៅឯតំបន់ព្រំដែន និងបញ្ជូនពួកគេទៅកាន់មន្ទីរឃុំឃាំង។
ក៏ប៉ុន្តែ ទាំងលោក ដូណាល់ ត្រាំ និងសេតវិមាន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ ទៅនឹងខ្សែអត់សំឡេងសំងាត់ខាងលើ ហើយដែលនេះគឺជាការរិះគន់ចំៗប្រឆាំងនឹង លោក ត្រាំ លើកចុងក្រោយមួយ ពីសំណាក់សមាជិកគ្រួសាររបស់ប្រធានាធិបតីអាមេរិករូបនេះ បន្ទាប់ពីក្មួយស្រីរបស់លោក គឺអ្នកស្រី Mary Trump ចេញផ្សាយសៀវភៅរិះគន់ឥត សំច្ចៃមាត់លើលោក ត្រាំ៕